ខេត្តកណ្តាល៖ ស្រ្តីជាម្តាយជនរងគ្រោះម្នាក់បានប្ដឹង ឈ្មោះ ណន ឧត្តម នាយរងប៉ុស្តិ៍ជ្រោយតាកែវ និងបក្ខពួក ថាចាប់កូនប្រុសរបស់គាត់ដាក់ខ្នោះវាយធ្វើបាប ទាត់ធាក់ បណ្តាលឲ្យហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ សីហា ២០១៩ នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
អ្នកមីង ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ បានរៀបរាប់យ៉ាងដូច្នេះថា នៅយប់ថ្ងៃទី១៧ សីហា ២០១៩ មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

នៅថ្ងៃនោះ កូនប្រុសរបស់នាងខ្ញុំឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ ។ រហូតដល់ម៉ោង២៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល កូនប្រុសរបស់នាងខ្ញុំបានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចក្លោងទ្វារវត្តជាប់ផ្លូវជាតិក៏បានជួបឈ្មោះ ណន ឧត្តម (នាយរងប៉ុស្តិ៍ជ្រោយតាកែវ) និងបក្ខពួក ហើយក៏បាននិយាយគ្នាទាក់ពាក្យសម្តីគ្នាបន្តិចបន្តួច ស្រាប់តែឈ្មោះ ណន ឧត្តម និងបក្ខពួក ចាប់កូនប្រុសរបស់នាងខ្ញុំ ដាក់ខ្នោះវាយធ្វើបាប ទាត់ធាក់ បណ្តាលឲ្យហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់ ។


បន្ទាប់ពីដាក់ពាក្យបណ្តឹងមក អ្នកមីងបានឲ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់ឲ្យមកសម្របសម្រួលបញ្ចប់រឿង២លើកហើយ គឺនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ម្តង និងនៅស្នងការដ្ឋាននគរបាលខេត្តម្តង ។ តែជនបង្កមិនព្រមសារភាព ។ ជាចុងក្រោយគាត់បានសំណូមពរឲ្យជនបង្កឆ្លើយសារភាព និងទាមទារសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥០០០ដុល្លារ ។

ទាក់ទងករណីខាងលើនេះ លោក ចាន់ វ័រ នាយប៉ុស្តិ៍នគរបាលជ្រោយតាកែវ បានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្ខពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារ ក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិ៍ ក៍នៅក្នុងនោះដែរ ហើយក្រុមឃន វ៉ាន់នី និងបក្ខពួក ក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើមន្រ្តីប៉ូលិសជាកូនចៅរបស់លោក ហើយថែមទាំងឡើងជង្គង់មួយជង្គង់មកលើមន្រ្តីប៉ូលិស ទើបមានការប្រតាយប្រតប់គ្នាតែម្តងទៅ ។
លោកនាយប៉ុស្តិ៍នគរបាលជ្រោយតាកែ បានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះម្នាក់នោះទេ ។


ពាក់ពន្ធ័ករណីខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងយ៉ាងខ្លីថា សំណុំរឿងនេះ បានបញ្ជូនទៅតុលាការអស់ហើយ ៕