ភ្នំពេញ៖ នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩ សីហា ២០១៩ មានបេក្ខជនមួយចំនួន នៅតាមមណ្ឌលប្រឡង មានអាការៈវិលមុខ ខ្យល់គ ក្អួត ជាដើម ។ នេះបើតាមការចេញផ្សាយរបស់ផេកក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ ។

ក្នុងពេលប្រឡងនេះ មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាព វិលមុខ ខ្យល់គ ក្អួតត្រូវបានគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ ធ្វើការសង្គ្រោះភ្លាមៗ ក្នុងនោះមានបេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ ក្នុងនោះមានបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។

អង្គភាព «KBN» សូមជូនពរបេក្ខជនទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលនេះ ឲ្យជាប់គ្រប់គ្នា និងទទួលបាននិទ្ទេសល្អប្រសើរ៕