ភ្នំពេញ៖ យុវវ័យប្រុសស្រី១គូបានស្រលាញ់គ្នាចិត្តនិងចិត្ត រហូតស្ម័គ្ររួមរស់ក្រោមដំបូលតែមួយក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា និងបើកបរចាក់សាក់ចិញ្ចឹមជីវិត តែដឹងអី! គ្រាន់តែបុរសជាប្តីយកទូរស័ព្ទប្រពន្ធឆែកមើលហ្វេសប៊ុក ស្រាប់តែនារីជាប្រពន្ធបានខឹងច្រឡោត រហូតផ្ទះជាជម្លោះឈានដល់ប្រើអំពើហិង្សាវាយប្រតាយតប់គ្នា បណ្ដាលឱ្យនារីជាគូស្នេហ៍រងរបួសស្នាមក្រចកត្រង់ចំណុច ក និងស្នាមក្រចកលើផ្ទៃមុខខាងស្ដាំ ខូចសម្រស់អស់។
ករណីគូស្នេហ៍វ័យក្មេងវាយគ្នារយះមុខមាត់ រហូតផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។


ជនដៃដល់ជាប្តីមានឈ្មោះរស់ សម្បត្តិ ហៅ មាន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះ ព្រឿង ស្រីដា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ នារីរងគ្រោះរងរបួសស្នាម ស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាមក្រចកត្រង់ចំណុច ក និងស្នាមជាំលើភ្លៅខាងឆ្វេង។


សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់និងនារីរងគ្រោះ បានស្រឡាញ់គ្នាជាសង្សារនឹងគ្នាចិត្តនិងចិត្តរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធក្រោមដំបូលផ្ទះតែមួយដោយមិនបានរៀបការ ឬសែនព្រេនអ្វីទេ និងបើកហាងចាក់សាក់ ចិញ្ចឹមជីវិត។ មុនពេលកើតហេតុ ជនដៃដល់បានយកទូរស័ព្ទរបស់នារីរងគ្រោះ ឆែកគណនី Facebook របស់នាងដោយមិនបានសុំការអនុញ្ញាត ធ្វើឲ្យរងគ្រោះជាប្រពន្ធមានការខឹងសម្បា ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នាឈានដល់ការប្រើអំពើហិង្សាលើគ្នា បណ្ដាលឱ្យនារីរងរបួសស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាម ក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង ទើបនារីរងគ្រោះបានមកប្ដឹងរាយការណ៌៍ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ក៏ចុះទៅអន្តរាគមន៍តែម្តង។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនដៃដល់ឈ្មោះ រស់ សម្បត្តិ ហៅ បញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕