ខេត្តសៀមរាប ៖ ឧបទ្ទវហេតុ​ផ្ទុះ​ហ្គា​ស​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​កន្លែង​បញ្ចូល​ហ្គា​ស​រថយន្ត LPG ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

យោង​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៥ សីហា នេះ ជន​រង​គ្រោះ​សរុប​មាន​ចំនួន​ទាំង​១៣​នាក់​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ជា​ជនបរទេស​ផង​ដែរ និង​មិន​មាន​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ ។ បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​១៣​នាក់ កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​មើលថែ​ទាំ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ។

ក្រោយ​ការ​ផ្ទុះ​នៅ​ស្ថានីយ៍​ប​ញ្ជូ​ល​ឧស្ម័ន​ឥន្ធនៈ LPG ផ្អើល​ក្រុង​សៀមរាប ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៩​នេះ​ថា ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ស្ថានីយ៍​នេះ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ ក្នុង​ការ​កសាង និង​ធ្វើ​អាជីវកម្ម​ប​ញ្ជូ​ល​ឧស្ម័ន​នេះ​ទេ បច្ចុប្បន្ន​ក្រសួង​បាន​នឹង​បន្ត​និ​តិ​វិធី​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ថែម​ទៀត ។

ក្រសួង​រ៉ែ និង​ថាមពល ក៏​សូម​ណែនាំ​ដល់​សាធារណៈជន មេត្តា​ជ្រាប​ថា ការ​បើក​អាជីវកម្ម​ដំណើរការ​ស្ថានីយ៍​ប្រេង ជា​ពិសេស​ឧស្ម័ន​ឥន្ធនៈ LPG ត្រូវ​តែ​មាន​វិជ្ជាជីវៈ និង​បច្ចេកទេស​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​តម្រូវ​ឲ្យ​មានច្បាប់​អា​នុ​ញ្ញាត ពី​ក្រសួង​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ការ​បង្ក​ឲ្យ​មាន​ហានិភ័យ និង​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។

ជាមួយគ្នានេះក៏​មាន​មតិ​មហាជន​លើក​ឡើង​ថា បើ​គ្មាន​ច្បាប់​អនុញ្ញាត ចុះ​ហេតុ​អី​បានជា​បណ្តោយ​អោយ អាជីវកម្ម​នេះ​ដំណើរការ​បាន រហូត​ដល់​ផ្ទុះ? ៕