រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៩​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹង​ប​ញ្ជួ​ន​ជនសង្ស័យ​ម្នាក់ ឈ្មោះ នួន វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទៅ​តុលាការ ក្រោយ​សកម្មភាព​ប្រើប្រាស់​បច្ចេកវិទ្យា​បោកប្រាស់​អ្នក​ដទៃ ។

ជនសង្ស័យ​ឈ្មោះ នួន វ៉ា ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រួម​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៣ សីហា បាន​ឃាត់ខ្លួន​ត្រង់​ចំណុច​ផ្លូវ​ឌួ​ង​ងៀប​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ រូប​នេះ បាន​បង្កើត​គណនី​ក្លែងក្លាយ ឆបោក​ជំរិត​ទារប្រាក់​អ្នក​ដទៃ និង​បង្កើត ហ្វេសប៊ុក ដោយ​ប្រើ​រូប​លោក ចៅ ប៊ុ​ន​ហួ​ន មេធាវី​ស្ម័គ្រចិត្ត​តេ​ជោ​សែន ដើម្បី​បោកប្រាស់​អ្នក​ដទៃ និង​គំរាមកំហែង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ ។ ក្នុង​នោះ​បាន​ឆាត​ទៅ​ឆបោក​ប្រាក់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chumteav kolsokhom Tevi ដែល​ជា​អ្នកមាន​ស្តុកស្តម្ភ​មួយ​រូប​ផង​ដែរ ។

ជនសង្ស័យ​បាន​សារភាព​នូវ​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ សីហា​នេះ ។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ថ្លែង​ថា នា​ពេល​កន្លង​ទៅ ជនសង្ស័យ​ខាងលើ​នេះ​បាន​លួច​រូបថត លោក​មេធាវី ចៅ ប៊ុ​ន​ហួ​ន មេធាវី​ស្ម័គ្រចិត្ត​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យក​ទៅ​បង្កើត​គណនី ហ្វេសប៊ុក ដើម្បី​បោកប្រាស់​អ្នក​ដទៃ​រហូត​ដល់​មានគណនីហ្វេសប៊ុក ឈ្មោះ Chumteav Kolsokhom Tevi បាន​បង្ហោះ​រូប​លោក​មេធាវី និង​សារ​មួយ​ចំនួន​ទម្លាក់​កំហុស មក​លើ​លោក​មេធាវី ដោយ​មិនដឹង​មូលហេតុ​ថែម​ទៀត ។ លុះ​នា​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ ២០១៩ លោក​មេធាវី ប៊ុ​ន ហួ​ន ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្រាវជ្រាវ​រក​ជន​បង្ក នៅ​នាយកដ្ឋាន​ប្រ​ឆ្នាំង បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​តែ​ម្តង ៕