ភ្នំពេញ៖ ស្ត្រីម្នាក់រត់ទៅសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ទាំងអារម្មណ៍ក្តុកក្តួល និងអះអាងថា តាំងពីរៀបការបានគ្នាជាប្តី-ប្រពន្ធជាមួយបុរសពោះម៉ាយកូន៨នាក់ កាលណាមក សាច់ហើម ទក់ អស់ហើយ ហិង្សាកើតមានក្នុងគ្រួសារ សឹងរាល់ថ្ងៃ ទើបទ្រាំលែងបាន សុំការអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីសុំផ្តាច់សង្វាសស្នេហ៍ សូមឲ្យតែអាជ្ញាធរជួយដឹងឮ ។

ស្ត្រីខាងលើ បានឲ្យស្គាល់អត្តសញ្ញាណផងដែរ មានឈ្មោះ ហុឹម សុខឃីម អាយុ៤៧ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើតភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកលោកប្តីកំណាច កាចស្រវឹងរាល់ថ្ងៃ មានឈ្មោះ វ៉ា សុខខេង អាយុ៥៨ឆ្នាំ មុខរបរគ្មាន ។ គ្រួសារខាងលើ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមការរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា ប្រវត្តិស្នេហ៍គ្រាដើមមុនក្លាយជាប្តីប្រពន្ធ គាត់ជាក្រមុំចាស់ ធ្វើការងាររោងចក្រ បានស្គាល់បុរសខាងលើជាពោះម៉ាយកូន៨នាក់ មកសុំស្រឡាញ់ សុំស្នេហ៍ តែមិនដឹងថាគាត់ជាមនុស្សចូលចិត្ត ស្រា ខំទុកចិត្ត បន្ទន់កាយឆ្លើយអូខេជាមួយបុរសពោះម៉ាយ ចូលស្តីដណ្តឹង រៀបការត្រឹមត្រូវ ក្រាបក្បាលដល់កន្ទេល សំពះលោកមេបាសងខាង ។ 

ស្ត្រីដដែលបន្តទៀតថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធ ស្របច្បាប់ហើយ ពុទ្ធោ ! ទើបដឹងថា បងពោះម៉ាយប្តីរបស់អូន ជាមនុស្សនិយមចូលចិត្តសូរា ថ្ងៃណាក៏ផឹក អស់រយៈកាលជាង២ឆ្នាំ សម្ព័ន្ធភាពស្នេហាក្នុងគ្រួសារ ជាប្តី-ប្រពន្ធ មិនមានកូនជាចំណងស្នេហ៍ឡើយ ខណៈដែលហិង្សាក្នុងគ្រួសារ កើតមានសឹងរាល់ថ្ងៃ រាប់លែងអស់ទៅហើយ ក្រោយពីលោកប្តីផឹកស្រវឹង យកកំហឹងដាក់ខ្លួនរករឿងគ្មានហេតុផល ប្រើកម្លាំងបាយ វាយ ទាត់ ធាក់ ប្រៀបដូចបាវសាក់ រហូតមកដល់លើកចុងក្រោយនេះ ខណៈដែល កំពុងហូបបាយជុំគ្នា ក៏កើតមានហិង្សាមួយកើតឡើង ដូចតែមុនអ៊ីចឹង ស្រវឹងរករឿងគ្មានហេតុផល លើកចានសម្លជះស្រោចមកលើខានហូបបាយទឹក ។

ដោយទង្វើរ ហិង្សាក្នុងគ្រួសារ ញឹកញយដងពេក ទ្រាំលែងបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រត់ទៅសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ៣ ដើម្បីអ្វីដែលជាគោលបំណងសុំផ្តាច់សង្វាស់ជាមួយប្តី ក៏ប៉ុន្តែអ្វីជាបំណងរបស់ស្ត្រីខាងលើ អាជ្ញាធរបានត្រឹមតែពន្យល់ អប់រំ ផ្សះផ្សា គ្នាទេ ចំពោះជំហររបស់ស្ត្រីខាងលើ មានតែស្ថាប័នតុលាកាទេ ជាអ្នកសម្រេច ។
ក្រោយពីពន្យល់ណែនាំរួច ស្ត្រីខាងលើយល់ស្រប និងចាកចេញទៅទៅស្រុកកំណើត ជាទីកន្លែងផ្តល់អត្រានុកូលដ្ឋាន ដើម្បីប្តឹងសុំលែងលះ ៕