ខេត្តកំពង់ធំ៖ បុរសស្រវឹងខួបម្នាក់ប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស យកអង្រែបុកគ្រឿងឡើងទៅវាយលើស្ដ្រីចំណាស់ម្នាក់ដល់លើផ្ទះ បណ្តាយឲ្យរងរបួសបាក់ដៃជាទម្ងន់ ។
ហេតុការណ៍នេះ បានបានភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅម៉ោង១៧និង៤៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ។

ជនរងគ្រោះមានឈ្មោះ ស៊ិន រ៉ា ភេទស្រី អាយុ៥០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យឈ្មោះ ឆឹង ឆូយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
បើតាមជនរងគ្រោះ បានរៀបរាប់ថា៖ នៅថ្ងៃទី១២ ខែសីហា ២០១៩ វេលាម៉ោងប្រហែល១១ព្រឹក ពេលគាត់កំពុងធ្វើម្ហូបហូបបាយនៅលើផ្ទះសុខៗ ស្រាប់តែឃើញជនសង្ស័យ មិនដឹងមកពីណាទេ ដៃមានកាន់អង្រែបុកគ្រឿងឡើងលើផ្ទះរបស់គាត់ ហើយស្ទុះមកវាយគាត់ជាច្រើនអង្រែ បណ្ដាលឲ្យរងរបួសជាទម្ងន់ គាត់ក៍ត្រដប្រឹងស្រែកហៅក្មួយប្រុសគាត់ឈ្មោះ សុភីន ឡើងមកជួយ ទើបជនសង្ស័យឈប់វាយ ហើយដើរគេចចេញបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្គ និងប៉ុស្ដិ៍សាលាវិស័យ បានចុះពិនិត្យជនរងគ្រោះឃើញមានស្នាមរបួស បាក់ឆ្អឹងដៃខាងឆ្វេងធ្ងន់ធ្ងរ និងត្រូវចំចង្ការបួសទៀត និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូននៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕