ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅ លោកវរសេនីយ៍ទោ ជុំ សំណាង អនុប្រធានការិយាល័យចរាចរណ៍ជើងទឹក នៃស្នងការនគរបាលខេត្តកណ្តាល ឲ្យបំភ្លឺជាលើកទី២ ពីបទ «គំរាមថានឹងសម្លាប់» ទៅលើឈ្មោះ ជា ចន្ទ័សុផល ភេទប្រុស អាយុ៦៧ឆ្នាំ ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋ។  

លោកជា ច័ន្ទសុផល ជាដើមបណ្តឹងបានប្រាប់អ្នកកាសែតឲ្យដឹងថា  កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចំណុចផ្លូវលំភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កម្លាំងចម្រុះរបស់អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកណុប សាវុធ អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល ចុះអនុវត្តន៍សាលក្រមរុះរើរបងបិទផ្លូវសាធារណៈ   ហើយរូបលោកក៏មានវត្តមានជាមួយកម្លាំងចម្រុះ និងប្រជាពលរដ្ឋ ។ ពេលនោះ  ស្រាប់តែឈ្មោះ ជុំ សំណាង អនុប្រធានការិយាល័យចរាចរណ៍ជើងទឹក នៃស្នងការនគរបាលខេត្តកណ្តាល បានស្រែកជេរប្រមាថកម្លាំងសមត្ថកិច្ច និងអាជ្ញាសាលា និងស្ទុះមកចង្អុលមុខលោក  ដោយស្រែកគំរាម « អញបាញ់បំបែកក្បាលឯង ហើយអញនឹងដើរចូលគុក»។

លោកជា ច័ន្ទសុផល បញ្ជាក់ថា កន្លងមក លោកមិនដែលមានទំនាស់ជាមួយលោក ជុំ សំណាង ឡើយ  ហើយលោកមិនអាចទទួលយកការប្រមាថដ៏ធ្ងន់ធ្ងរនេះបានដែរ ទើបលោកសម្រេចដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តកណ្តាល ដើម្បីស្វែងរកយុតិ្តធម៌ និងកិត្តិយស។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ  អង្គភាពសារព័ត៌មាន«KBN» មិនអាចសុំការបំភ្លឺពីលោកជុំ សំណាង បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕