ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់យ៉ាងសកម្មនាពេលកន្លងមក  ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលត្រែងត្រយឹង ធ្វើការបង្រ្កាបចាប់ខ្លួនបាន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

ជនសង្ស័យជាមុខសញ្ញាចោរកម្មដើរលួចទ្រព្យប្រជាពលរដ្ឋនាពេលកន្លងមក ទើបតែអស់លក្ខណ៍នេះ មានឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចគាស់ផ្ទះរបស់ឈ្មោះជាម វ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យនេះ ជាមុខសញ្ញាចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម  និងធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំចំនួន២លើក មកហើយ ពីបទលួចដូច ប៉ុន្តែជននេះ មិនព្រមកែខ្លួនទេ ដោយបន្តដើរលួចទ្រព្យសម្បត្តិគេឯងដដែល ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើចាប់ខ្លួនទៀត  ព្រមទាំងដកហូតទួរណីវីសដងវែងចំនួន១, ទូរស័ព្ទអិនចុចពិលចំនួន១, ស្រោមបិទមុខចំនួន១។

ជនសង្ស័យ  និងវត្ថុតាង  ត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕