ខេត្តកំពត ៖ បុរសចំណាស់ល្មោភកាមម្នាក់ តែធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆាំ្ន បានសម្រេចចំនួន៣លើក ហើយពេលចាប់នាងរំលោភម្តងៗតែងឲ្យប្រាក់ទៅនាង៣ទៅ៤ពាន់រៀល ជាថ្នូរមិនឲ្យក្មេងស្រីរងគ្រោះប្រាប់រឿងនេះឲ្យអ្នកផ្សេង លុះពេលរឿងអាស្រូវនេះ បែកធ្លាយដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំទៅចាត់ការតាមផ្លូវ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំដដ២០១៩។
ជនសង្ស័យល្មោភកាមនេះ មានឈ្មោះសួស សាំង អាយុ៦៤ឆាំ្ន រស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។ រីឯក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ រស់នៅជាមួយជីដូនចាស់ រីឯឪពុកម្តាយ ចេញនៅធ្វើការរកប្រាក់នៅប្រទេសថៃ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យតែងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចជាបន្តបន្ទាប់សរុបចំនួន៣លើក ហើយនៅពេលចាប់រំលោភម្តងៗ ជនសង្ស័យតែងឲ្យប្រាក់ក្មេងស្រីរងគ្រោះ៣ទៅ៤ពាន់រៀន ដើម្បីកុំឲ្យក្មេងស្រីរងគ្រោះយករឿងនេះទៅប្រាប់អ្នកណា។ លុះរឿងអាស្រូវនេះបែកធ្លាយ ទើបក្រុមគ្រួសារក្មេងស្រីរងគ្រោះធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនាងបាន៣ដងហើយ ។ ហើយម្ដងៗគាត់បានឱ្យលុយចំនួន៣ពាន់ទៅ៤ពាន់រៀល កុំឲ្យក្មេងស្រីរងគ្រោះយករឿងនេះប្រាប់អ្នកផ្សេង។

ជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមច្បាប់៕