ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារចំពោះប្រជាពលរដ្ឋណាដែលស្គាល់ទីកន្លែងលាក់ខ្លួនជនសង្ស័យ២នាក់ គឺឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង ឈ្មោះ ឃាត វិចិត្រ កាលពីប៉ុន្មានថ្ងៃនោះ ពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់ខ្លួន និងស្រាវជ្រាវស្វែងរកទីកន្លែងលាក់ខ្លួនរហូតចាប់ខ្លួនបានម្នាក់ហើយ កាលពីរសៀលម៉ោង១៤ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។


ជនដែលកម្លាំងជំនាញចាប់ខ្លួនបាននោះ ឈ្មោះឃាត វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ។
ការស្វែងរកចាប់ខ្លួននេះ គឺអនុវត្តដីកាលេខ ៤៣៦ ដ.ន.ច ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ពីបទលួចមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

ដោយឡែកចំពោះជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូររាំងឪ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕