ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ម្សិលមិញ សត្វ​ក្រពើ​២​ក្បាល បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ មានការ​ភ័​យ​ខ្លាច ខណៈ​កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តាម​ពិត​គឺជា​ក្រពើ ដែល​សាលា​ឡាយ​ហ្វ៍ ចិញ្ចឹម​ទុក ជា​ការ​សិក្សា អំពី​របៀប​ថែទាំ និង​អោយ​ចំណី​សត្វ​ក្រពើ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ថែម តំណាង​សាលា​បញ្ជាក់​ថា កូន​ក្រពើ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នេះ ដោយសារ​សំណាញ់​រក្សា​កន្លែង​ចិញ្ចឹម​រហែក ពេល​មាន​ជំនន់​ទឹកភ្លៀង ទើប​រត់​រួច ក្នុង​ទ្រុង​ចិញ្ចឹម​កូន​ក្រពើ​នៅ​សាលា​ឡាយ​ហ្វ៍ មានកូន​ក្រពើ​សរុប​ចំនួន​១៧​ក្បាល និង​បញ្ជាក់​ផង​ដែរ​ថា មិនមែន​ចិញ្ចឹម​បែប​អាជីវកម្ម​ទេ គឺ​ចិញ្ចឹម​ជា​លក្ខណៈ​សម្រាប់​ការ​សិក្សា​។

តំណាង​សាលា​បន្ត​ថា មាន​តែ​២​ក្បាល​នេះ​ប៉ុណ្ណោះ ដែល​ចេញ​រួច​ពី​កន្លែង​ចិញ្ចឹម ហើយ​បច្ចុប្បន្ន​ខាង​សាលា​បាន​ទំនាក់ទំនង​នាំ​យក​មក​វិញ​អស់ហើយ ។

ជាមួយ​គ្នា​នេះ និង​សាលា​ឡាយ​ហ្វ៍​បាន​ធ្វើការ​សុំ​ទោស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ដែល​ភ្ញាក់ផ្អើល និង​ភ័យ​ព្រួយ ក្រោយ​ចាប់​បានកូន​ក្រពើ​តូច​ៗ​នេះ ។

សូម​រម្លឹក​ថា អ្នក​ក្រុងព្រះសីហនុ ជូនដំណឹង​មក​ថា នៅ​សេ​តេ ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​៣ ក្នុង​ក្រុងព្រះសីហនុ មាន​សត្វ​ក្រពើ​២​ក្បាល​(​មិនដឹង​ថា ជា​ក្រពើ​មាន​អ្នក​ចិញ្ចឹម​ទេ​) បាន​ឡើង​តាម​ទឹកអូរ​មក​លើ​ដី​ភូមិ រួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​យក​រក្សា​ទុកជា​បណ្តោះអាសន្ន ។

កាល​ល្ងាច​ថ្ងៃ​១១ សីហា ២០១៩ ប្រជាពលរដ្ឋ​ដែល​បាន​ចាប់​ក្រពើ​នេះ​ទុក ឲ្យ​ដឹង​ថា ក្រពើ​មួយ​ក្បាលមាន​ទម្ងន់​ប្រហែល​ជាង​៥​គីឡូក្រាម និង​មួយ​ក្បាល​ទៀត​មាន​ទម្ងន់​២​គីឡូក្រាម ហើយ​ដំណឹង​នេះ ជ្រាប​ដល់​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ ៕