ស្វាយ​រៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ អភិបាល​ខេត្តស្វាយរៀង​លោក ម៉ែ​ន វិបុល បាន​ថ្លែង​ទៅ​កាន់​មន្ត្រីរាជការ​គ្រប់​ស្រុក​-​ក្រុង ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​បញ្ជ្រាប​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន និង​អំពាវនាវ​ឲ្យ​ពួក​គាត់​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ ព្រោះ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លង​ដល់​មនុស្ស​ទេ គឺ​ឆ្លង​តែ​សត្វ​ជ្រូក​គ្នា​វា​ប៉ុណ្ណោះ ។

ការ​ថ្លែង​របស់​អភិបាល​ខេត្តស្វាយរៀង​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​បរិភោគ​សាច់​ជ្រូក ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ក្រោម​ប្រធានបទ «​សាច់​ជ្រូក​នៅ​តែ​មាន​សុ​ត្ថិ​ភាព ក្នុង​ការ​ទទួលទាន ដោយ​ពុំ​បាច់​បារម្ភ និង​ដើម្បី​ក្តី​សង្ឃឹម ដល់​អ្នក​ចិញ្ចឹម​ជ្រូក និង​ដើម្បី​យើង​ទាំងអស់​គ្នា​» ។

លោក ម៉ែ​ន វិបុល បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចុះ​ពិនិត្យ​រាល់​សាច់​ជ្រូក ដែល​នាំ​ចូល​មក​លក់​ក្នុង​ទីផ្សារ ឲ្យ​បាន​ហ្មត់ចត់ ដោយ​មិន​ត្រូវ​ឲ្យ​មានការ​នាំ​ចូល​ជ្រូក ពី​ក្រៅប្រទេស​មក​ចូល នៅ​ក្នុង​ទឹក​ខេត្តស្វាយរៀង​នោះ​ទេ ។

សូម​ជម្រាប​ថា ចំពោះ​ខេត្តស្វាយរៀង ដែល​មាន​ករណី​ផ្ទុះ​នៅ​ភូមិ​ឫស្សី ជួរ​ខាងត្បូង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ឥឡូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ ដោយ​មានការ​យកចិត្ត​ទុក ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក បាន​សម្លាប់​ជ្រូក​ចំនួន​៩៥​ក្បាល នៅ​ឃុំ​ក្រោលគោ ៕