ខេត្តរតនៈគិរី ៖ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ មានករណីទឹកហូរកួចខ្លាំងបានពន្លិចទូកចម្លង១គ្រឿង និងបាត់ក្មេងស្រីម្នាក់ ត្រូវទឹកហូរកួចយកទៅជាមួយ។

សូមបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងទឹកជន់ឡើងខ្លាំង បណ្តាលឲ្យផ្លូវក្នុងភូមិសាស្ត្រខាងលើ ត្រូវបានជន់លិច ទើបពលរដ្ឋនៅតំបន់នោះបានប្រើមធ្យោបាយទូកចម្លង តែជាអកុសល ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ក៏បានពន្លិចទូកចម្លងនោះ និងបណ្តាលឲ្យក្មេងស្រីកូនអ្នកភូមិម្នាក់ ត្រូវកម្លាំងទឹកហូរកួចយកទៅបាត់។

លោកថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ពេលនេះ លោកកំពុងតែដឹកនាំកម្លាំងសមត្ថកិច្ចស្វែងរកក្មេងស្រីដែលបាត់ខ្លួននោះ ហើយក៏មិនទាន់ដឹងថា ក្មេងស្រីនោះស្លាប់ ឫនៅរស់រានមានជីវិតឡើយ៕