ខេត្តព្រះសីហនុ៖ គិតមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់ដដែលនៅក្រុងព្រះសីហនុ ដែលធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀងបានពន្លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដេរ ហើយទឹកជំនន់អាចនៅអូសបន្លាយពេលខាងមុខទៀត ទើបកងទ័ពជើងទឹកចេញអូប័រចំនួន៥គ្រឿង និងឧកញ៉ាទៀ វិចិត្រ១០គ្រឿង ដើម្បីត្រៀមសង្គ្រោះពលរដ្ឋ។


ក្នុងស្ថានភាពបែបនេះ អាជ្ញាធរខេត្តព្រះសីហនុ ក្រោយការដឹកនាំរបស់លោកគួច ចំរើន បានចុះពិនិត្យស្ថានភាពទឹកជំនន់ទាំងមេឃកំពុងធ្លាក់ភ្លៀងសស្រិច និងយកគ្រឿងចក្រកាយបើកផ្លូវទឹក ដើម្បីដោះស្រាយបញ្ហានេះ ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានចាត់តាំងកម្លាំងកងទ័ព ចំនួន៣០នាក់ នាំយកអូប័រចំនួន៥គ្រឿង ដឹកនាំដោយលោកវរនាវីឯក អ៊ុ ធឿន មេបញ្ជាការកងនាវាប្រដេញ ចល័តចេញទៅត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ។

ដោយឡែក លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមGTVC បានរៀបចំកម្លាំង និងត្រៀមអូប័រចំនួន10 គ្រឿងផងដែរ៕