ភ្នំពេញ បុរសជាអ្នកលក់សាច់ជ្រូកម្នាក់បានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់មានកូនប្រុសមួយ រហូតបានសម្រេច កាលពីទៀបភ្លឺ ។ លុះស្អែកឡើង ត្រូវស្រ្តីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួននិងវាយខ្នោះធ្វើមុខស្អុយប៉ែ។
ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅម៉ាន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរលក់សាច់ជ្រូក មានទីលំនៅភូមិសង្កាត់ខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ឌ. ស.ន. ភេទស្រី អាយុ២៣ឆ្នាំ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ និងកូនប្រុសម្នាក់បានដេកក្រោមផ្ទះរបស់ជនសង្ស័យ ដោយគ្មានបន្ទប់បិទបាំងទេ ។ លុះរហូតមកដល់វេលាយប់រំលងអធ្រាត្រ ជនសង្ស័យបានមកពីលក់សាច់ជ្រូកវិញ បានមកកេះជើងគាត់សុំដេកជាមួយ តែនាងមិនព្រម។ បន្ទាប់មកស្រាប់តែជនសង្ស័យមកចាប់រំលោភនាងទាំងកម្រោលតែម្ដង ទោះបីនាងខំរើបម្រះយ៉ាងណា ក៏មិនរួចដែរ គឺគេចាប់នាងរំលោភរហូតបានសម្រេច។ លុះព្រឹកឡើង គាត់ទៅប្តឹងនគរបាលប៉ុស្តិ៍ ឲ្យឃាត់ខ្លួនតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បញ្ជូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលាការចាត់ការតាមនីតិវិធី៕