ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើការ​ពន្យល់ អោយ​ដឹង​ថា បើ​មាន​តែ​រថយន្ត​១​គ្រឿង​គត់ ដឹក​លើស​ទម្ងន់​១០​តោន នៅ​លើ​ផ្លូវ​មួយ​នោះ វា​ស្មើនឹង​មាន​រថយន្ត​១​ម៉ឺន​គ្រឿង កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ដងផ្លូវ ។

លោក ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ទោះបី​ផ្លូវ​ល្អ មានគុណ​ភាពរឹងមាំ​ប៉ុនណា​ក៏​ដោយ បើ​មាន​រថយន្ត​ដឹក​ទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ផ្លូវ​នេះ​នឹង​ឆាប់​ខូច និង​មិន​អាច​ប្រើប្រាស់​បាន​យូរ​ឡើយ ។

លោក​មាន​ប្រសាសន៍ ដោយ​លើកយក​រូបមន្ត​របស់​ធនាគារពិភពលោក​មក​បង្ហាញ​ថា បើសិនជា​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​៣០​តោន នៅ​លើ​ផ្លូវ​មួយ វា​ស្មើនឹង​រថយន្ត ៨១០,០០០​គ្រឿង កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​នោះ (​ដោយ​៣០×៣០×៣០×៣០=៨១០,០០០​គ្រឿង​)” ។

ទោះជា​យ៉ាងណា​ក្ដី រដ្ឋមន្ដ្រី​សាធារណការ ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ទាំងអស់ ធ្វើការ​ប្ដេជ្ញា​ខ្ពស់​ជាង​នេះ​ទៀត ព្រមទាំង​សាមគ្គី​សហការ​គ្នា ឲ្យ​បាន​ស្អិតរ​មួ​ត និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ការ ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បាន​កំណត់​ក្នុង​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​របស់​កម្ពុជា ៕