ខេត្តកណ្តាល៖ បុរសម្នាក់ ខណៈដែលកំពុងដេកក្បែរប្រពន្ធកូនដូចសពដង ស្រាប់តែមានអាការប្រកាច់ប្រកិនទាញដៃទាញជើងរហូតដាច់ខ្យល់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មមួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃ‌ទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួលរបស់ខ្លួនស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។


ជនរងគ្រោះ‌ដែលដេកប្រកាច់ស្លាប់ចោលប្រពន្ធកូននេះ មានឈ្មោះ អ៊ាន គ្រុយ ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ មានប្រពន្ធឈ្មោះហ៊ត សុឃាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងកូន៤នាក់ (ប្រុស៣នាក់ និងស្រី១នាក់)

តាមការសួរបំភ្លឺស្រ្តីជាប្រពន្ធ ជនរងគ្រោះ បានឲ្យដឹងថា ប្តីខ្លួន(ជនរងគ្រោះ) បានឈឺរយៈពេលបីថ្ងៃហើយ លោកគ្រូពេទ្យបានពិនិត្យឃើញថាមានជំងឺគ្រុនពោះវៀន លើសឈាម រលាកក្រពះផង ហើយបានដាក់ស៊ីរ៉ូម អស់រយៈពេលបីថ្ងៃហើយ។ ពេលល្ងាចថ្ងៃទី០៧ ខែ
សីហា ឆ្នាំ២០១៩ នៅម៉ោង១៨ និង២០នាទី ក៏បានដោះស៊ីរ៉ូមចេញ ហើយនាំគ្នាហូបបាយរួច មួយសន្ទុះធំក៏ចូលទៅដេកទៅរហូតដល់ម៉ោង៥ និង៤០នាទីភ្លឺ ថ្ងៃទី០៨ ខែសីហា នាងបានងើបទៅបត់ជើង ហើយបានសួរប្តីថា ម៉េចហើយឯង? ប្តីបានឆ្លើយថាអត់អីទេ លុះពេលគាត់ចូលដេកវិញ មួយសម្ទុះ ស្រាប់តែឃើញប្តីមានអាការ រសេះរសោះកាច់ដៃកាច់ជើង ដាច់ខ្យល់ស្លាប់ ភ្លាមៗតែម្តង ធ្វើឲ្យនាងរន្ធត់ចិត្តជាខ្លាំងស្រែកផ្អើលឆោឡោដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


ក្រោយមកសមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍ រដ្ឋបាល ឃុំឆក់ឈើនាង លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងប្រពន្ធបងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអី្វឡើយ ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ហើយបានធ្វើកំណត់ហេតុ បានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕