ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់បះជើងទ្រមេឃ ខ្លួនឯងរងរបួសធ្ងន់។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយវិថីម៉ៅ សេទុង កែងនិងផ្លូវលេខ១៩៣ ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2O.2948 តាមបណ្តោយផ្លូវម៉ៅ សេទុង ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន។ ខណៈមកដល់ចំណុចកើត បានរេចង្កូតមកខាងឆ្វេងដៃទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បះឡើងលើ រងការខូចខាត យ៉ាងដំណំ ឯអ្នកបើកបររថយន្តរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះ។

ចំណែកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់បែកបន្តិចបន្តួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕