ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយបានសម្រេចចិត្តចង.កសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិត នៅក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងចំណុចឃ្លាំងលេខ៥០ ផ្លូវ១៥០Z ភូមិ១ ក្រុម៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ សុង បញ្ញា អាយុ ២៧ឆ្នាំ មុខរបរ អ្នកមើលការខុសត្រូវក្នុងឃ្លាំងលក់បន្លាស់រថយន្ត ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តសៀមរាប ។
អ្នកដែលធ្វើការជាមួយជនរងគ្រោះម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកកាន់ឃ្លាំង ដើម្បីយកសំភារៈទៅឲ្យភ្ញៀវ ខណៈមកដល់ឃ្លាំង ក៏ឃើញចាក់សោរទ្វារ គាត់ក៍យកសោរមកមកចាក់ បើកទ្វារឡើង ស្រាប់តែឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនឯងបាត់ទៅហើយ។ ភ្លាមៗនោះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសាកសព។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតប្រាកដមែន ហើយបានយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា៕