ប្រទេសថៃ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចថៃបានរកឃើញគ្រាប់បែកកែច្នៃមិនទាន់ផ្ទុះ១គ្រាប់ ដែលជនមិនស្គាល់អត្តសញ្ញាណយកទៅបង្កៃទុកក្នុងផ្សារមួយកន្លែង ស្ថិតនៅចំកណ្ដាលទីក្រុងបាងកក ។

ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា គ្រាប់បែកកែច្នៃនេះ ត្រូវបានសមត្ថកិច្ចថៃបានរកឃើញនៅឯផ្សារ Prathunam នៅចំកណ្ដាលទីក្រុងបាងកក ហើយគ្រាប់បែកនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងគ្រាប់បែក ដែលផ្ទុះកាលពីសប្តាហ៍មុន បណ្ដាលឱ្យមនុស្ស៤នាក់ រងរបួស ចំពេលដែលប្រទេសថៃរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន។

អាជ្ញាធរថៃ បានបញ្ជាក់ថា គ្រាប់បែករកឃើញនេះ គឺជាគ្រាប់បែកភ្លើង ប៉ុន្តែវាមិនបានផ្ទុះនៅឡើយ ដោយសារតែគ្រាប់បែកនេះ ត្រូវជនមិនស្គាល់មុខយកទៅដាក់ក្នុងបំពង់មួយខ្វះអុកហ្ស៊ីសែន ពុំនោះទេ វាផ្ទុះបាត់ទៅហើយ។


សូមបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងប្រទេសថៃ ដែលបណ្តាលឲ្យប្រជាជនរងរបួសចំនួន៤នាក់ សមត្ថកិច្ចថៃ បានធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនសង្ស័យ៩នាក់ ក្នុងនោះរួមមានទាំងជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន ក្រោមបទចោទថារៀបចំផែនការបង្កៃគ្រាប់បែក២គ្រាប់ នៅមុខទីស្នាក់ការកណ្ដាលប៉ូលិសថៃ ក្នុងទីក្រុងបាងកក៕