ភ្នំពេញ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — កាលពីថ្ងៃទី៥ ខែសីហា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់- អូ-ចា បាននិយាយថា កងកម្លាំងសន្តិសុខថៃកំពុងតាមប្រមាញ់ជនសង្ស័យជាង ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងបាងកក កាលពីសប្តាហ៍មុន។ យោងតាមនាយករដ្ឋមន្រ្តីថៃបានឱ្យដឹងថា មានមនុស្សជាង ១០នាក់ដែលពាក់ព័ន្ធត្រូវចាប់ខ្លួន ចោទប្រកាន់ និងស៊ើបអង្កេតរកមូលហេតុ។ អាជ្ញាធរថៃមិនបានចង្អុលបង្ហាញថា តើអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនោះទេ ប៉ុន្តែបាននិយាយថា ពួកគេមានគោលបំណងអាក្រក់ក្នុងការបង្កើតភាពវឹកវរនៅក្នុងប្រទេស។ គ្រាប់បែកចំនួន ៦គ្រាប់បានផ្ទុះឡើងនៅស្ថានីយរថភ្លើងអាកាស Chong Nonsi នៅផ្លូវ Rama IX តំបន់រដ្ឋាភិបាលនៅផ្លូវ Chaeng Watthana និងនៅអគារ King Power នៅទីក្រុងបាងកក កាលពីថ្ងៃទី២ ខែសីហា។

ការវាយប្រហារនេះបានកើតឡើង ខណៈដែលទីក្រុងបាងកកកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានចូលរួមដោយអ្នកការទូត កំពូលៗមកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន និងប្រទេសជាច្រើន ទៀត។ មួយថ្ងៃក្រោយមក មានការបំផ្ទុះគ្រាប់បែកចំនួន ៣គ្រាប់ទៀត នៅម៉ាស៊ីនដកប្រាក់ ATM ចំនួន ៣កន្លែងនៅខេត្តប៉ាតានី។ បុរសពីរនាក់ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី២ ខែសីហា ដោយត្រូវបានចោទប្រកាន់ពីបទបង្កប់គ្រាប់បែកចំនួន ២គ្រាប់នៅមុខទីបញ្ជាការប៉ូលិសនៅទីក្រុងបាងកកកាលមួយថ្ងៃមុន ដែលអាជ្ញាធរបាននិយាយកាលពីពេលមុនថា ជាគ្រាប់បែកក្លែងក្លាយ៕