ភ្នំពេញ ៖ យុវជនម្នាក់ធ្វើជាងថតរូប មិនសូវកាក់កប បែកគំនិតប្រកបមុខរបរឆក់ខ្សែកបន្ថែម ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបានកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសួនមនោរម្យផ្លូវសហពន្ធរុស្សី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ជនសង្ស័យ ឈ្មោះ ប៊ាន ឆៃយ៉ា អាយុ២០ឆ្នាំ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ បុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹថ្លា ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ២នាក់បងស្រី ដោយបងស្រីជាអ្នកឌុបចេញពីផ្ទះជួល គោលបំណងមករកទិញឥវ៉ាន់នៅផ្សារកណ្តាល ។ លុះដល់ចំណុចសួនមនោរម្យ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស០១ឝ្រឿង គ្មានស្លាកលេខ ពាក់អាវស ដៃវែង បានធ្វើសកម្មភាពឆក់ខ្សែកមាស ០១ខ្សែទម្ងន់៥ជី ពីជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូគេចខ្លួន ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ លុះដល់ចំណុចមុខអាគាលេខ២៣ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ក៏បានឃើញជនសង្ស័យកំពុងឈប់ម៉ូតូដោះអាវសដៃវែងចេញ ក៏បានឃាត់ខ្លួន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍មនោរម្យ និងបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ តែម្ដង និងដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ អាវពណ៌ស ដៃវែង ចំនួន ០១, កាបូបស្ពាយចំនួន០១, ទូរស័ព្ទ ០១ គ្រឿង ម៉ាកអាហ្វូន ។

ឯសម្ភារៈបាត់បង់រួមមាន ៖ ខ្សែកមាស ០១ខ្សែទម្ងន់៥ជី ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕