ប្រេស៊ីល៖ ពាក្យចាស់ពោលថា គ្រូបង្រៀនជាឪពុកម្តាយទី២ បន្ទាប់ពីឪពុកម្តាយបង្កើត ព្រោះតែម្តាយឪពុកជាអ្នកផ្តល់កំណើតជាអ្នកអប់រំទូន្មានកូននៅក្នុងផ្ទះនាមជាព្រះរស់ ឯគូបង្រៀនគឺជាអ្នកប្រៀនប្រដៅផ្តល់ចំណេះដឹងពីតូចរហូតដល់ធំមានការងារល្អប្រសើរ និងជាមនុស្សល្អនៅក្នុងសង្គម។ តែភាគច្រើនអាជិពជាគ្រូបង្រៀនមិនសូវជាមានអ្នកឱ្យតម្លៃនោះទេ ទាំងដែលការប្រកបអាជីពនេះទាមទារចំណេះដឹងខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ រួមទាំងវិធីសាស្ត្រនៃការបង្រៀនសិស្សផងដែរ។

ជាក់ស្តែងនៅប្រទេសប្រេស៊ីល ក្នុងសាលារៀនដែលមិនត្រូវបានគេបញ្ចេញឈ្មោះមួយ ត្រូវបានគេដឹងថាលោកគ្រូម្នាក់បានស្ម័គ្រចិត្តមកបង្រៀនសិស្សទាំងកម្លាំងកាយ និងចិត្តអស់ពីបេះដូងដើម្បីបង្រៀនសិស្សនៅអំឡុង២ខែជាងចុងក្រោយនៃវគ្គបញ្ចប់ការសិក្សា តែបែរជាត្រូវសាលាបោកប្រាស់មិនឱ្យថ្លៃបង្រៀនទៅវិញ។

លោកគ្រូដែលជួបរឿងអយុត្តិធម៌មួយរូបនេះមានឈ្មោះថា Bruno Rafael Paiva លោកត្រូវបានគេអញ្ជើញឱ្យមកបង្រៀនជំនួសអ្នកគ្រូចាស់ដែលមានផ្ទៃពោះត្រៀមនឹងសម្រាលបុត្រ ដោយត្រូវជំនួសរយៈពេលខ្លីខ្ទង់២ខែជាងចុងក្រោយប៉ុណ្ណោះ ហើយសាលាថែមទាំងសន្យាថានឹងផ្តល់ប្រាក់ខែសមរម្យឱ្យលោកគ្រូផងដែរ។ ដោយការបង្រៀនពិតជាមានភាពរលូនល្អណាស់ ព្រោះលោកគ្រូគឺជាគ្រូបង្រៀនដ៏ល្អម្នាក់ អាចបង្រៀនសិស្សឱ្យឆាប់ចេះឆាប់ចាំ ថែមទាំងបង្កភាពរីករាយដល់សិស្សគ្រប់គ្នាជាមួយនឹងភាពស្និទ្ធស្នាលដូចជាមិត្តភក្តិទៀតផង។

តែមិននឹកស្មានថាជិតបញ្ចប់ការបង្រៀន និងឆមាសសិក្សា ស្រាប់តែសាលាបដិសេធសម្រាប់ថ្លៃបង្រៀនទៅវិញ បើទោះបីជាលោកគ្រូខំតវ៉ាយ៉ាងណាក៏គ្មានអ្នកអើពើ។ ទោះជួបរឿងបែបនេះក៏ដោយ ថែមទាំងមានរឿងដែលត្រូវដោះស្រាយជីវភាព តែលោកគ្រួនៅតែបន្តមកបង្រៀនសិស្សឱ្យចប់ចុងចប់ដើមដដែល ព្រោះតែទឹកចិត្តនឹកអាណិតស្រលាញ់សិស្សរបស់ខ្លួន ធ្វើឱ្យសិស្សរបស់លោកគ្រូសម្តែងការអាណិតយ៉ាងខ្លាំង តែក៏មិនអាចជួយអ្វីបានឡើយ។

ព្រោះតែមនោសញ្ចេតនា និងចង់ជួយលោកគ្រូ សិស្សរបស់លោកគ្រូបានរួមគ្នាប្រមូលលុយ បានចំនួន 359$ សម្រាប់ជូនលោកគ្រួ ដែលរឿងមួយនេះបានធ្វើឱ្យលោកគ្រួរំភើបភ្ញាក់ផ្អើល រហូតទប់ទឹកភ្នែកមិនបានទៀតផង។ សិស្សទាំងអស់គ្នាបាននិយាយថា លុយប៉ុណ្ណេះពិតជាតិចតួចណាស់សម្រាប់លោកគ្រូ ព្រោះសមត្ថភាពលោកគ្រូត្រូវតែបានច្រើនជាងនេះ តែនេះជាអ្វីដែលពួកគេអាចជួយលោកគ្រូបានតាមសមត្ថភាពរបស់ពូកគេខ្លួនឯង។ រឿងមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបស្ទើរតែទប់ទឹកភ្នែគមិនបាន ជាពិសេសក្តុកក្តួលចំពោះមនោសញ្ចេតនាល្អដែលមិនអាចកាត់ថ្លៃបាន រវាងលោកគ្រូ និងសិស្សបែបនេះ៕