ភ្នំពេញ៖ លោកអ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលផ្ទុះរឿងអាស្រូវនាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ស្រែនាង ត្រូវបានប្រពន្ធតាមទាន់ ហើយថតវីដេអូ បង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យកក្រើកពេញផ្ទៃប្រទេសនោះ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការសម្រេចឲ្យលោកអ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង មកបម្រើការងារនៅក្រសួងយុត្តិធម៌ជាបណ្តោះអាសន្ន។

យោងតាមលិខិតបង្គាប់ការរបស់លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លេខ០១២កយ. បក១៩ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បង្គាប់មកលោកអ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ចាត់ឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណញដោះអាសន្ន ។ សាម៉ីខ្លួនត្រូវមានវត្តមាននៅក្រសួងយុត្តិធម៌ រៀងរាល់ម៉ោងធ្វើការ។

ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ (Kagna Chan kal ) ជាភរិយាលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង ដែលតាមទាន់ប្តីយកស្រីទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ស្រែនាង នោះ ខណៈនេះនាងដាច់ចិត្តទម្លាយរូបស្រីស្នេហ៍របស់លោកប្តី និងលោកប្តី ដែលតាមលួចប្រមាញ់ថតពេលកំពុងទទួលទានអាហារនៅក្នុងហាងទំនើប សាសាងផ្តោះផ្តងស្នេហា នៅលើហ្វេសប៊ុក ចែកចាយឲ្យឃើញពេញផ្ទៃប្រទេសហើយ ។


ជាមួយគ្នានេះ ម្ចាស់អាខោនហ្វេសប៊ុក (Kagna Chan kal ) ជាភរិយាលោក អ៊ង រី ព្រះព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង រៀបរាប់ថា៖ នាងខ្ញុំស៊ូទ្រាំទុក្ខលំបាកនេះរហូតមកជិត៦ឆ្នាំហើយ។ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ និងចុះលិខិតអាពាហ៍ពិពាហ៍ ជាមួយស្វាមីឈ្មោះ អ៊ង រី ជាព្រះរាអាជ្ញារងខេត្តកោះកុង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ។

បច្ចុប្បន្ននាងខ្ញុំមានចំណងដៃកូនស្រីម្នាក់ មានអាយុជិត៥ឆ្នាំ ក្នុងបន្ទុកគ្រួសារមួយនេះ នាងខ្ញុំខិតខំរកប្រាក់ទាំងលំបាក ដើម្បីឲ្យស្ថានភាពគ្រួសារមានការប្រសើរឡើង ។ ក្រោយពីទទួលបានផ្លែផ្កាបន្តិចបន្តួចពីលុយកាក់មួយចំនួនខាងលើ ស្វាមីនាងខ្ញុំចាប់ផ្តើមរកលេស ដាក់កំហុសមកលើរូបនាងថា ជាស្រីមិនចេះធ្វើការងារផ្ទះ មិនទន់ភ្លន់ដាក់ក្រុមគ្រួសារគាត់ ឆ្អែតចិត្ត រស់នៅមិនចុះសំរុងនិងគ្នា ឈានទៅដល់ដាក់ពាក្យបណ្តឹងលែងលះភរិយាយខ្លួនឯងស្របពេលដែលគាត់កំពុងលួចលាក់មានស្រី ផិតក្បត់ប្រពន្ធ។

ម្ចាស់អាខោនហ្វេសប៊ុក (Kagna Chan kal ) បានបន្តថា អស់រយះកាលកន្លងផុតទៅជិត៦ឆ្នាំមកនេះ មិនមែនលើកទីមួយទេ ដែលគាត់បានផិតក្បត់មានស្រីក្រៅរហូតខ្ញុំចាប់បានភស្តុតាង តែខ្ញុំបានលើកលែងឲ្យគាត់សង្ឃឹមថាអាចបន្តដំណើរជីវិតគ្រួសាររួមគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីៗមិនដូចការសង្ឃឹមរបស់ខ្ញុំនោះទេ គាត់ព្យាយាមដោះខ្លួនចេញពីសំពាយគ្រួសារមួយនេះ។ មកដល់បច្ចុប្បន្ននេះ នាងខ្ញុំបែរជាទទួលបានលិខិតបណ្តឹងលែងលះពីស្វាមីនាងខ្ញុំទៅវិញ។


សូមរម្លឹកថា៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅជិតផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រីជាភរិយាតាមទាន់ប្តីជាព្ររាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង យកស្រីនៅគេងនៅផ្ទះសំណាក់ស្រែនាង ធ្វើឲ្យលោកព្រះរាជអាជ្ញារងភ័យស្លន់ស្លោរ ចេញពីបន្ទប់ផ្ទះសំណាក់ បើកឡានចេញបុកឡានភ្ញៀវជិតខាង រហូតដល់ស្ត្រីជាភរិយាចាប់ជាប់ ដកសោរឡាន ហើយលោកព្រះរាជអាជ្ញារង បើកទ្វារឡានទាញកាបូបដើរគេចចេញពីកន្លែងកើតហេតុ ទាំងប្រញាប់ប្រញ៉ាល់ ។


ពាក់ព័ន្ធករណីនេះ អង្គភាពkbn មិនអាចទាក់ទងសុំការបំភ្លឺពីលោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តកោះកុង បានទេ ៕