រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ទី​១៩ កក្កដា ២០១៩​នេះ មន្ត្រី​គយ​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន​ចិន​មួយ ដែល​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក ប្រមាណ​ជា ១.៦០០ តោន​ពី​សហរដ្ឋអាមេរិក និង​កា​ណា​ដា ដោយ​ខុសច្បាប់ ចូល​ប្រទេស​ក​ម្ពូ​ជា នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​ចុះ​ផ្សាយ ។

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រាប់​រ៉​យ​ទ័​រថា ក្រុមហ៊ុន​ចិន ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ជា​អ្នក​នាំ​ចូល​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក ៨៣​កុងតឺន័រ ទម្ងន់​១៦០០​តោន ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ស​ប្តា​ហ៍​នេះ ។

បើ​តាម​លោក គុណ ញឺ​ម ថា​ក្រុមហ៊ុន​ចិន​នេះ​មានឈ្មោះ​ថា Chungyuen ។ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូល​សំរាម​ខាងលើ​នេះ លោក គុណ ញឹ​ម បញ្ជាក់​ថា «​យើង​នឹង​ផាកពិន័យ ហើយ​ឈាន​ដល់​ការ​បិទ​ក្រុមហ៊ុន​នោះ ប្រសិនបើ​ស្រាវជ្រាវ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ »​។

លោក គុណ ញឺ​ម បាន​បញ្ជាក់​ថា កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ​នេះ បាន​មក​ដល់​កម្ពុជា ចាប់តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មក​ម្ល៉េះ ។

ទោះជា​យ៉ាងណា ការ​បញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ លោក គុណ ញឹ​ម មិន​ទាន់​អាច​បញ្ជាក់​កាលបរិច្ឆេទ​បាន​នៅឡើយ​ទេ ដោយ​ត្រូវ​ធ្វើការ​តាម​នីតិវិធី​សិន ។ លោក​ថា «​ត្រូវការ​ពេលវេលា និង​នីតិវិធី​បន្តិច ហើយ​ស​ប្ដា​ហ៍​ក្រោយ​នេះ យើង​នឹង​កោះហៅ​ក្រុមហ៊ុន ដើម្បី​ជជែក​គ្នា​ពី​ការ​បញ្ជូន​សំរាម​ត្រឡប់​ទៅ​វិញ អាច​នឹង​ឆាប់​ៗ​នេះ​» ។

ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា ខ្លួន​បានដឹង​អំពី​របាយការណ៍​នេះ ។ បើ​តាម​លោកស្រី Emily Zeeberg អ្នកនាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ប្រាប់​រ៉​យ​ទ័​រថា “​យើង​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម និង​កំពុង​ផ្តល់​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ទាំង​អ្នក​នាំ​ចេញ​(​ប្រទេស​នៃ​ប្រភព​ដើម​) និង​អង្គភាព​នាំ​ចូល​ប្រទេស​កម្ពុជា​” ។

ស្ថានទូត​កា​ណា​ដា​នៅ​ភ្នំពេញ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រ ដើម្បី​សុំ​ការ​បំភ្លឺ​នោះ​ទេ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា ពួក​គេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់​ថា “​ផលិតផល​កែ​ច្នៃ​” ។

លោក​ភក្ត្រា បាន​មាន​ប្រសាសន៍​ថា “​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក ចូល​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ “​កម្ពុជា​មិនមែន​ជា​ធុងសំរាម​ទេ​” ៕
ប្រភពពី Cambodia probes Chinese firm over illegal waste imports