រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នឹង​បញ្ជូន​ប្រធាន​ក្រុមហ៊ុន អ៊ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ឆបោក ព្រមទាំង​ករណី​ចេញ​សែក​ស្អុយ​ជាដើម ។

ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នេះ មានឈ្មោះ ឌី​ម សួន​ណាត ភេទ​ប្រុស ជា​ប្រធាន​ក្រុមហ៊ុន អ៊ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក (ENARITA DEVELOPMENT CO.,LTD.) មាន​ទីលំនៅ​ផ្ទះ​លេខ ៣៤ ផ្លូវ​លេខ​១០០៧ ស​ង្លា​ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ការ​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត នា​ពេល​នេះ គឺ​ធ្វើ​ឡើង​យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ចាញ់បោក​លោក ឌី​ម សួន​ណាត តាម​រូបភាព «​វិនិយោគ​បានការ​ប្រាក់​ខ្ពស់​» ។ ប្រភព​ព័ត៌មាន​បាន​អះអាង​ថា ទឹកប្រាក់​ប្រមាណ​ពី​២០០​លាន​ដុល្លារ ទៅ​៣០០​លាន​ដុល្លារ ត្រូវ​បាន​លោក ឌី​ម សួន​ណាត ឆបោក​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ តាម​រូបភាព​ទិញ​លក់​អចលនវត្ថុ និង​តាម​រូបភាព​ដាក់​តម្កល់​ប្រាក់​យកការប្រាក់ (​ចងការ​ប្រាក់​) ផង​ដែរ ។ លុះ​ពេល​អតិថិជន​បណ្ដាក់ទុន​ទៅ​មិន​មាន​ផលកំ​រ៉ៃ​ដូច​ការ​សន្យា ឈ្មោះ ឌី​ម សួន​ណាត ក៏​ចេញ​សែក​សង​មក​អតិថិជន​វិញ តាម​ចំនួន​លុយ​ជាក់ស្ដែង ប៉ុន្តែ​សែក​នោះ​មិន​មាន​លុយ ទើប​ម្ចាស់​លុយ​ជា​ច្រើន​នាក់​ទឹកភ្នែក​ជួតក្បាល​ជង្គង់ ចោមរោម​ប្ដឹង​តែ​ម្ដង ពិសេស ពលករ​នៅ​ប្រទេស​កូរ៉េ ។

លោក ឌី​ម សួន​ណាត ដែល​អ្នកខ្លះ​ហៅ​ថា លោក​ឧកញ៉ា​ៗ ជា​អគ្គនាយក​ក្រុមហ៊ុន Enarita វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅ​តាម​ទីប្រជុំជន តំបន់​ទេសចរណ៍ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ហើយ​ថ្មី​ៗ​មានឈ្មោះ​ល្បីល្បាញ​ខាង​ពុះ​ដី​ឡូ​តិ៍ ដោយ​មាន​លក់​បញ្ចុះតំលៃ និង​ប្រូ​ម៉ូ​សិន​ផ្សេង​ៗ​ជា​ច្រើន បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​សំណាក់ ដៃ​គួរ​ដាក់​ទុក​វិនិយោគ​ជាមួយ ពិសេស​ពលករ​នៅ​ប្រទេស​កូរ៉េ ថា បាន​ប្រើ​ល្បិច ឆបោក​ប្រាក់​ពួក​គេ​រាប់​សិប​លាន​ដុល្លារ តាម​រយៈ​ដាក់​ទុន​ជាមួយ ក្រុមហ៊ុន និង​ទទួល​បានការ ប្រាក់​ខ្ពស់ ចាប់ពី​២០​ភាគរយ​ក្នុង​មួយ​ខែ ចុង​ក្រោយ​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់ ចេញ​សែក​អត់​លុយ ផ្ទុះ​រឿង​ឡើង ។

បើ​តាម​គេហទំព័រ​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ក​ក្ត​ដា​នេះ​ថា ពលករ​នៅ​ប្រទេស​កូរ៉េ រាប់រយ​នាក់ បាន​ចាញ់បោក ក្រុមហ៊ុន Enarita ដែល​មានឈ្មោះ លោក ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន តាម​រយៈ​ការ​ដាក់​ទុក​វិនិយោគ ជាមួយ​និង​ការ​ប្រាក់​ខ្ពស់ គឺ​ដាក់​លុយ​ចាប់ពី​១​ម៉ឺន​ដុល្លារ និង​បាន​ទទួល​ការ​ប្រាក់ ២០​ភាគរយ បើ​ដាក់​ចាប់ពី​២ ឬ​៣​ម៉ឺន​ដុល្លារ​ឡើង​ទៅ អាច​ទទួល​បានការ​ប្រាក់​ពី​២៥ ទៅ​៣០​ភាគរយ និយាយ​ទៅ​ដាក់​កាន់តែ​ច្រើន ទទួល​បានការ​ប្រាក់​កាន់តែ​ឡើង ។

នៅ​មុន​ពេល​ពួក​គេ​ដាក់​ទុន ក្រុមហ៊ុន​តម្រូវ​ឲ្យ​ពលករ​នៅ​កូរ៉េ បង្កើត​ជា​ក្រុម​ចាប់ពី​១០​នាក់​ឡើង​ទៅ ងាយស្រួល​ប្រមូល​លុយ និង​ដក​លុយ​មក​វិញ ។ នៅ​ប្រទេស​កូរ៉េ តាម​ដែល​លោក​ដឹង​មាន​ពលករ រាប់រយ​នាក់ ទៅ​ពាន់​នាក់​ដែល​បាន​ចាញ់បោក ក្រុមហ៊ុន Enarita ។ រឿង​ឆបោក​នោះ អ្នក​ដាក់​ហ៊ុន​ដំបូង ក្រុមហ៊ុន​គេ អោយ​ការ​ប្រាក់​ជា​ធម្មតា ទៅ​តាម​ចំនួន នៃ​ការ​ដាក់ និយាយ​ឲ្យ​ចំ គឺ​ប្រមូល​អ្នក​ថ្មី​អោយ​ការ​អ្នក​ចាស់ ដោយសារ​តែ អ្នក​ចាស់​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន ទៅ​តាម​ការ​សន្យា​នោះ​ហើយ ទើប​ពួក​អ្នក​ចាស់​ៗ បាន​ប្រ​កូក​ប្រកាស​បន្ត​គ្នា ហៅ​ឲ្យ​ពលករ​នាំ​គ្នា​ដាក់​ជា​បន្តបន្ទាប់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពលករ​លែង​មាន​ទំនុកចិត្ត ក៏​លែង​ដាក់​លុយ និង​នាំ​គ្នា​ទាមទារ​បើក​លុយ​ដើម​វិញ បែរជា​ក្រុមហ៊ុន​បើក​សែក​ឲ្យ​ម្នាក់​ៗ​មួយ​សន្លឹក តែ​សែក​នោះ​គ្មាន​ប្រាក់​ឡើយ ទើប​ផ្ទុះ​រឿង​កើតឡើង​តែ​ម្តង ។

លុះ​ដឹង​ថា ចាញ់បោក​លោក ឌី​ម សួន​ណាត ប្រជាពលរដ្ឋ និង​ពលករ ដែល​បាន​ដាក់​ទុន​ជាមួយ ផ្ទុះ​ការ​តវ៉ា ទាមទារ​ប្រាក់​ការ និង​ប្រាក់​ដើម​ឡើង​វិញ បាន​តែ​សែក​ស្អុយ គ្មាន​លុយ​មួយ​រៀល ចុង​ក្រោយ ប្តឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឲ្យ​ឃាត់ខ្លួន អគ្គនាយក​ក្រុមហ៊ុន​អចល​នា​ទ្រព្យ ក្រុមហ៊ុន អ៊ី​ណា​រី​តា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ខណៈ ដែល​ជន​រង​គ្រោះ ណាត់​ហូប​បាយ​ជួប​គ្នា​ដោះស្រាយ​បញ្ហា នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ ក្រសួងមហាផ្ទៃ សាកសួរ និង​ត្រៀម​ឡើង​តុលាការ ស្រប​ពេល​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់ បាន​សម្រុក​ទៅ​ដាក់​ពាក្យបណ្តឹង ប្តឹង​អគ្គនាយក​រូប​នោះ ជា​ហូរហែ ។

មហា​កំពុង​រង​ចាំ​មើល​ថា​តើ​ជន​រង​គ្រោះ អាច​នឹង​ទទួល​បាន​ប្រាក់ ដែល​បាន​ខាតបង់​ពី​អំពើ​ឆបោក​របស់​លោក​ឧកញ៉ា​ដែល​មានទ្រព្យ​ស្តុក​ស្តម​យ៉ាង​ឆាប់រហ័ស​រូប​នេះ មក​វិញ​ដែរ​ឬទេ​ ?