ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជិះម៉ូតូ១គ្រឿង បំណងទៅជួបសង្សារនៅមុខស្ថានីយទូរទស្សន៍CTN តែមិនទាន់ទាំងបានជួបមុខប្រុសសំណព្វចិត្តផង ស្រាប់តែមានជនសង្ស័យ២នាក់ បើកម៉ូតូឌុបគ្នាមកក្បែរ ហើយធ្វើសកម្មភាពឆក់របស់នាងបានសម្រេច រួចបើកម៉ូតូគេចខ្លួនបាត់ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ ។


ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីវ័យស្រស់សោភាម្នាក់ មានអាយុ២០ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាអាយខុន ពណ៌ខៀវលាយស បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទិសដឹងពីជើងទៅត្បូង ខណៈពេលដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ មិនចាំស្លាកលេខ មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច រួចបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យនារីរងគ្រោះដួលម៉ូតូរលាត់ដៃរលាត់ជើង។


នារីរងគ្រោះ បានឲ្យដឹងថា នាងទើបតែបើកម៉ូតូចេញពីផ្ទះនៅម្ដុំគីឡូលេខ៧ បំណងទៅជួបសង្សារនៅនៅមុខនៅមុខស្ថានីយទូរទស្សន៍CTN តែដឹងអី មិនទាន់ទាំងបានជួបមុខប្រុសស្នេហ៍ផង ត្រូវចោរមកឆក់ទូរស័ព្ទយកទៅបាត់ ថែមទាំងរងរបួសដល់រូបរាងកាយទៀត
ក្រោយពេលកើតហេតុ មានកម្លាំងសមត្ថកិច្ច បានចុះមកអន្តរាគមន៍ រួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ6 ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោស៕