យោងតាមសេក្តីប្រកាសស្តីពីការផ្ទេរ សម្រួលភារកិច្ចមន្ត្រីរាជការ ដែលចុះហេត្ថលេខាដោយលោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចផ្ទេរសម្រួលភារកិច្ច លោកណុប ហេង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលភារកិច្ចថ្មី និងផ្ទេរភារកិច្ចលោក បូរី វង្សសានិត្យ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះសីហនុ ជំនួសលោកណុប ហេង វិញ។


ប្រភពមួយបានបង្ហើយឲ្យដឹងថា លោក ណុប ហេង បានឃុបឃិតបើកដៃឲ្យក្រុមជញ្ជីងថ្លឹងរថយន្ត២កន្លែង ប្រមូលលុយតាមរបៀបពុករលួយយ៉ាងរលូន ហើយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរំភើយ។ ផ្ទុយទៅវិញលោកណុប ហេង មិនយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវជាច្រើនខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាតនោះទេ គឺគិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។


ប្រភពដដែលបានឲ្យដឹងទៀតថា រាល់គម្រោងចំណាយជួសជុលថែទាំផ្លូវ ស្ថាបនាផ្លូវ ក្នុងខេត្តព្រះសីហនុ សុទ្ធតែមានការបំប៉ោងតួលេខកឹបកេងថវិកាជាតិស្រេចតែអំពើចិត្ត ព្រោះអ្នកកាន់លុយនៅក្នុងមន្ទីរសាធារណការខេត្តព្រះសីហនុ គឺជាបក្ខពួករបស់លោកណុប ហេង ទាំងអស់។


ដោយសារបញ្ហានេះ មន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មួយចំនួនបានស្នើសុំឲ្យលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ភាពអសកម្ម និងអំពើពុករលួយរបស់លោក ណុប ហេង ប្រធានមន្ទីរសាធាណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នេះផង៕