ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ម្នាក់​ឈរ​ចាំ​ម៉ូយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​រថយន្ត​មក​កាប់​ប្លន់​ទូរស័ព្ទ​ដៃ​បាន​សម្រេច នៅ​វេលា​ម៉ោងជាង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​តាម បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​និង​ផ្លូវ លេខ​៩០ នៅ​មាត់ទន្លេ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​ពេទ្យ​ព្រះ​កេតុមាលា (១៧៩) ។

តាម​សម្តី​សាក្សី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ ប្រាប់​ថា មុន​ពេល​កើតហេតុ រូប​គាត់​ឃើញ នារី​រង​គ្រោះ​កំពុង​ចុច​ទូរស័ព្ទ នៅ​លើ​សួន​មាត់ទន្លេ ទល់មុខ​អតីត​ទ្រូ​ហ្វេ​ស ស្រាប់តែ​មាន​រថយន្ត​កូ​រ៉​ឡា ពាក់​ផ្លា​ក​លេខ 2034 (​មិន​ចាំ​អក្សរ​) ជិះ​គ្នា​២​នាក់ មក​ឈប់​ហើយ​សួរ​នារី​រង​គ្រោះ ។ ពេល​ទៅ​ដល់​ឃើញ​ទូរស័ព្ទ​ម៉ាក OPPO របស់​នារី​រង​គ្រោះ ក៏​បាន​ចាប់​យក​ទូរស័ព្ទ​នោះ តែ​នាង​មិន​ព្រម​ឲ្យ ស្រាប់តែ​ជនសង្ស័យ​ដក​កាំបិត​ពី​ចង្កេះ​កាប់​ទៅ​លើ​នារី​រង​គ្រោះ​មួយ​កាំបិត​ខាងក្រោយ ចំ​លើ​ត្រគាក បណ្ដាល​ឲ្យ​មាន​ឈាម​ហូរ​ស្រោច​ខ្លួន ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បើករថយន្ត គេច​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ឆ្ពោះទៅ​ផ្លូវ​១៣ បាត់​ស្រមោល មិន​រំខាន​ដល់​ដំណេក​បង​ៗ​សមត្ថកិច្ច​ឡើយ ៕