ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្ដាលឲ្យសា្លប់មា្នក់របួសធ្ងន់ម្នាក់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ។


អ្នកបើកបរដែលបាត់បង់ជីវិត ឈ្មោះ អ៊ូ រតនា ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរដែលរងរបួសធ្ងន់ឈ្មោះ មាស ច័ន្ទ ភេទស្រី អាយុ ២២ឆ្នាំ ។ទាំង២នាក់រស់នៅភូមិឬស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេឃើញមានកម៉ូតូមួយគ្រឿងម៉ាក SUZUKI Lets ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-6639 អ្នកបើកបរឈ្មោះ អ៊ូ រតនា និងអ្នករួមដំណើរឈ្មោះ មាស ច័ន្ទ ធ្វើដំណើរពីទិសខាងកើត ទៅខាងលិច(ពីស្វាយរៀង ទៅភ្នំពេញ)។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតដួលខ្លួនឯងបណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសធ្ងន់ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ​​​​ ករណីនេះ ម៉ូតូជនរងគ្រោះជាវត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរំចេក៕