ខេត្តស្វាយរៀង៖ បុរស២នាក់ ក្រោយពីមានទំនាស់ពាក្យសំដីបន្តិចបន្តួច ត្រូវក្រុមជនសង្ស័យតាមព្រួតវាយ និងដកខ្សែក្រវាត់ ដែកបំពង់ទីប បណ្ដាលឲ្យរងរបួស២នាក់ ខណៈក្រុមជនសង្ស័យ ក៍រងរបួសម្នាក់ដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។


សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះម៉ៅ ចំរើន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងម្នាក់ទឿតឈ្មោះកែវ ដេ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។


ចំណែកជនសង្ស័យដែលរងរបួសម្នាក់ដែរនោះ ឈ្មោះហ៊ឹម ភុនរំដួល អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ឯជនសង្ស័យ៣នាក់ទៀត ដែលជិះម៉ូតូ២គ្រឿង មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយកើតហេតុ បានបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗ ។


ជនរងគ្រោះឈ្មោះម៉ៅ ចំរើន បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេ និងក្រុមជនសង្ស័យមានទំនាស់ពាក្យសំដីបន្តិចបន្តួច ទើបបានជាក្រុមជនសង្ស័យព្រួតគ្នាមកវាយរូបខ្លួនបណ្ដាលឲ្យរងរបួស ហើយមិត្តភក្តិរបស់គាត់ឃើញសកម្មភាពបែបនេះ ក៏ស្ទុះទៅឃាត់ ក៏ត្រូវបានជនសង្ស័យវាយមួយដៃចំមុខផងដែរ ។


ជនរងគ្រោះទាំង២នាក់ និងជនសង្ស័យម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។ រីឯជនសង្ស័យ៣នាក់ទៀត ដែលបានជិះគេចខ្លួនបាត់ នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ ៕