ខេត្តកំពត ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូឌុបប្រពន្ធកូនធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្ត១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តី និងកូន រងរបួសធ្ងន់ ដេកឲ្យរដូករណែលនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៦ និង០០នាទី ត្រង់ចំណុចខាងកើតប្រឡាយចិន ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ។


សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-4328 អ្នកបើកបរឈ្មោះជ័យ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បើកបរពីកើតទៅលិច យ៉ាងលឿនដូចហោះ លុះដល់ចំណុចកើត ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូ១គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-3543 អ្នកបើកបរឈ្មោះឃន សែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ឌុបប្រពន្ធឈ្មោះហ៊ីម ណាន អាយុ២៧ឆ្នាំ និងកូនប្រុសម្នាក់ឈ្មោះឃន សែនសំណាង អាយុ២ឆ្នាំ យ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់នៅកន្លែកើតហេតុ និងបុរសជាប្តី និងកូនរងរបួស។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បន្ទាប់មក ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែក សពស្រ្តីរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕