ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរកាលីប៣នាក់ពាក់ព័ន្ធករណីលួចរថយន្តគេបានមួយគ្រឿង នាំគ្នាជិះដើរលេង និងទៅទិញគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ តាមស្រាវជ្រាវរហូតចាប់ខ្លួនបាន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច។
ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ ហង្ស ហាក់ ភេទប្រុស អាយុ៣២ ឆ្នាំ នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង។


ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននោះ ៖ ទី១៖ ឈ្មោះ មាស ដារ៉ូ អាយុ២៦ ឆ្នាំ នៅភូមិព្រៃធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបើករថយន្តឲ្យក្រុមហ៊ុនតិចស្រ៊ុន។ ទី២ ឈ្មោះ ឃឺន សំណាង អាយុ១២ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី៣ ឈ្មោះ ឆិល បុត្រ អាយុ១៧ ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ មាស ដារ៉ូ បានឆ្លើយសារភាពថារូបគេ និងឈ្មោះ ឆ្អឹង បានស្គាល់គ្នាតាមរយៈបើករថយន្ត ហើយក៏សេពថ្នាំញៀនជាមួយគ្នាផងដែរ ។ លុះដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ខ្លួន និងឈ្មោះ ឆ្អឹង មកដល់មុខក្រុមហ៊ុនតិចស៊្រុន ឃើញរថយន្តមួយគ្រឿងចតចោល ក៏បើកទ្វារចូលមើល ឃើញកូនសោជាប់នៅរថយន្ត ក៏នាំគ្នាលួចបើកមកខេត្តកំពង់ស្ពឺ ដោយឈ្មោះ ឆ្អឹង ជាអ្នកបើកបរ ទៅលេងនោជាំ (ស្រុកឱរ៉ាល់) ។ ពេលត្រឡប់មកវិញ ដល់ផ្លូវបំបែកច្បារមន ឈ្មោះ ឆ្អឹង ប្រាប់ខ្លួនថាឲ្យបើករថយន្តទៅផ្ទះបងរបស់គេ(អាឆ្អឹង) នៅគីឡូម៉ែត្រ៩៤ ទៅទិញថ្នាំញៀន តែមិនជួបអ្នកលក់ក៏មកទិញនៅគីឡូម៉ែត្រ១០៤ វិញ និងបានហៅឈ្មោះ ឃឺន សំណាង និងឈ្មោះ ឆិល បុត្រ ជិះមកជាមួយ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ឯឈ្មោះ ឆ្អឹង បានរត់គេចខ្លួនបាត់។


ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចធ្វើតេស្តទឹកនោមរួចមក ឃើញថា ក្រុមជនសង្ស័យជាប្រើប្រាស់គ្រឿងញៀន ក្នុងនោះឈ្មោះ ឃឺន សំណាង និង ឆិល បុត្រ ក៍ជាអ្នកលក់គ្រឿងញៀនឲ្យឪពុកម្តាយវាផងដែរ ។
ក្រោយបញ្ចប់ការសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕