ថៃ៖ កាលពីពេលថ្មីៗនេះ នារីស្រស់ស្អាតជនជាតិថៃនិយមលេងម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ដែលករណីនេះបានកើតឡើងនៅស្ពានមួយកន្លែង ក្នុងខេត្តឈុនបុរី ប្រទេសថៃ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះពុំបានបង្ហាញឈ្មោះ បានជិះម៉ូតូធំមួយគ្រឿងម៉ាក BMW ក្នុងល្បឿនលឿន រហូតដល់នាងមិនអាចគ្រប់គ្រងចង្កូតបាន ហើយក៏ជ្រុលទៅបុករណាំងផ្លូវបណ្ដាលឲ្យដាច់ ហើយម៉ូតូក៏ហោះទៅទើរនឹងដើមឈើ ចំណែកមនុស្សរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យរបស់មហាវិទ្យាល័យបូរផា ដែលនៅក្បែរកន្លែងកើតហេតុ ។ 

តាមសម្ដីមិត្តភក្ដិរបស់នារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូធំម៉ាក BMW ត្រឡប់មកពីក្លឹបកម្សាន្តមួយកន្លែងម្ដុំប៉ាតាយ៉ា ហើយពេលមកដល់ចំណុចកើតហេតុស្រាប់តែជួបគ្រោះថ្នាក់តែម្ដង តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត ។ 

ជាមួយគ្នានេះដែរ មានអ្នកលេងហ្វេសប៊ុកមួយចំនួនដែលស្គាល់នារីរងគ្រោះបានបង្ហើបថា ថ្វីបើមិនស្លាប់ តែនាងរងរបួសធ្ងន់ធ្ងរ ព្រមទាំងបាក់ដៃ បាក់ជើង ផងដែរ ៕

សហការី KBN

ប្រភព៖ kapook