មណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ និង​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន សិប្បកម្ម​ផលិត​ទឹក​ពិសា ចំនួន​២​កន្លែង នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។

សូមជម្រាបថា ការ​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប មន្រ្តីជំនាញ​រកឃើញ​ថា សិប្បកម្ម​ខាងលើនេះ​ បាន​ដំណើរការ​ផលិត និង​ចែកចាយ​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​ទេ ​។ ម្យ៉ាងទៀត ឧបករណ៍​ចម្រោះ​ទឹក​ ដែល​ប្រើប្រាស់​នោះ គឺ​អាច​ប្រើប្រាស់​បាន​ត្រឹម​លក្ខណៈ​​គ្រួសារ​តែ​ប៉ុណ្ណោះ ​។ ម្យ៉ាងទៀត ទាំង​បរិមាណ​ផលិត ទាំង​គុណភាព​ផលិត រួម​ទាំង​លក្ខណៈ​បច្ចេកទេស​ក្បួន​អនាម័យ​ផលិតកម្ម និង​ទីតាំង​ផលិត ខ្សែ​សង្វា​ក់​ផលិតកម្ម​ច្រក​ដប និង​វេច​ខ្ចប់​របស់​សិប្បកម្ម​ទាំង​ពីរ​នេះ គឺ​មិន​អនុលោម​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ទឹក​ពិសារ​ដប​នោះឡើយ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក និងប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​នៅ​លើ​ទីផ្សារ ​។

លោក សុខ ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ខាងលើ ត្រូវ​មក​ទំនាក់ទំនង​សុំ​ច្បាប់​បង្កើត​រោងចក្រ​សិប្បកម្ម​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​ផលិតកម្ម និង​គុណភាព​ឱ្យ​សម​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ទឹក​ពិសា​ដប និង​និ​តី​វិធី​ផ្លូវច្បាប់ ។

លោក បញ្ជាក់​ថា ក្នុង​ករណី​ម្ចាស់​សិប្បកម្ម​មិន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​ឃើញ​នៅ​តែ​បន្ត​ការ​ផលិត និង​ចរាចរណ៍​ចែកចាយ​លក់​លើ​ទីផ្សារ​ទៀត មន្ទីរ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់ និង​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន ៕