រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ និង​ពិនិត្យ​ឃើញ ក្រុមហ៊ុន​ឈ្មោះ P.V.B PHARMA គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ហើយ​កំពុង​ចែកចាយ​ឱសថ​ចំនួន​៣​មុខ​ដោយ​ខុសច្បាប់ គឺ​ទី​១. Cadinutrivit, ទី​២. Vitamin B 1, B 6 , B 12 -HV, និង​ទី​៣. HV CALCI-D បិទ​លតា​ប​ត្រ​ក្លែងក្លាយ ដោយ​គ្មាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួង​ឡើយ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បាន​ចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អោយ​ដឹង​បន្ត​ថា ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួល​បន្ទុក​បច្ចេកទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​តាមដាន​ស្វែងរក​ក្រុមហ៊ុន​ខាងលើ មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ និង​ប្រមូល​ឱសថ​ទាំង​៣​ប្រភេទ​ខាងលើ​មក​កម្ទេច​ចោល ។

សេចក្តី​ប្រកាស​ដដែល​នេះ បាន​បញ្ជាក់​ថា ករណី​បានឃើញ​ជន​ណា​កំពុង​លក់​ចែកចាយ ទិញ និង​តាំង​លក់​ឱសថ​ខុសច្បាប់​ទាំង​៣​មុខ​ខាងលើ​នេះ សូម​ផ្តល់​ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង​គ្រឿងសម្អាង តាម​រយៈ​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ ឬ ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕