ភ្នំពេញ៖ នារីរូបស្រស់ម្នាក់  ដោយជួបបញ្ហាទុក្ខសោកផ្ទួនៗពេក ដោះស្រាយមិនចេញ ធ្វើឲ្យនាងពិបាកចិត្តស្អិតទ្រូងពេក ក៏មានគំនិតគិតខ្លីមកលោតទឹកសម្លាប់ខ្លួន នៅមុខព្រះបរមរាជវាំង តែសំណាងល្អ  ត្រូវបងប្អូនប្រជាពរដ្ឋនៅទីនោះ ប្រទះឃើញជួយសង្រ្គោះទាន់ពេលវេសា។ ហេតុការណ៍នារីរូបស្រស់មកលោតទឹកសម្លាប់ខ្លួននេះ កាលវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវស៊ីសុវត្ថិ ត្រង់ចំណុចមុខព្រះរមរាជវាំង ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

នារីរងគ្រោះដែលគិតខ្លីមកលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះស្រី និច ភេទស្រី អាយុប្រហែល២២ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅខណ្ឌទួលគោក  និងមានបងស្រីធម៌ មានឈ្មោះអាម៉ី ភេទស្រី អាយុ២៨ឆ្នាំ ធ្វើការជាមួយគ្នា ។

នារីជាបងធម៌ បានឲ្យដឹងថា មុនពេលកើតហេតុប្អូនស្រី(នារីរងគ្រោះ) បានអង្គុយកំដរភ្ញៀវផឹកស្រាស្រវឹង ពេលនោះ នាងបានប្រាប់ប្អូនស្រីថា« អូនខ្លួនឯងផឹកស្រាកំដរភ្ញៀវអស់ច្រើនហើយ កុំផឹកច្រើនពេកខ្លាចស្រវឹងគេធ្វើបាប និងគ្មានអ្នកណាជួយជូនទៅផ្ទះទេ» ហើយគ្រាន់តែនាងនិយាយប្រាប់អ៊ីចឹង  ស្រាប់តែប្អូនស្រីធម៌ នាងគិតច្រើន និងបែកគំនិតជិះម៉ូតូសំដៅទៅមុខព្រះអង្គដង្កើ រួចធ្វើសកម្មភាពចុះទៅលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋដែលនៅម្ដុំនោះជួយសង្គ្រោះបានទាន់ពេលវេលា។

នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា រូបនាងមានការពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបងស្រីបង្កើត បានស្លាប់ចោល បន្សល់ទុកឲ្យរូបនាង រស់នៅតែម្នាក់ឯងកណ្ដោចកណ្ដែង គិតអ្វីមិនចេញឈានទៅដល់ការសម្រេចចិត្ត ចង់បញ្ចប់ជីវិតខ្លួនឯង ទើបដើរមកមុខវាំង រួចលោតទឹកធ្វើអត្តឃាតតែម្ដង ត្រូវបានប្រជាពរដ្ឋឃើញ ក៏នាំគ្នាជួយស្រង់ឡើងគោកវិញ។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងពលរដ្ឋនៅទីនោះបាននិយាយលួងលោមលើកទឹកចិត្ត កុំឲ្យនារីរងគ្រោះគិតខ្លីបែបនេះទៀត រួចហើយនារីរងគ្រោះបានឡើងជិះម៉ូតូកង់បីទៅជាមួយបងស្រីធម៌ត្រឡប់ទៅផ្ទះវិញ៕