ព្រៃវែង ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំ ក្រុមការងារអនុសាខាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៧គ្រួសារ នៅស្រុកស្វាយអន្ទរ ដែលមានចំនួន ៣ ឃុំ ស្មើនឹង ៦ ភូមិ ក្នុងនោះរងគ្រោះទាំងស្រុង ចំនួន ៨ គ្រួសារ និងខូចខាតមធ្យមចំនួន ៩ គ្រួសារ។

នាឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ដែលបំផ្លាញនូវទ្រព្យសម្បត្តិ នាៗ នៅពេលនេះ។

ឯកឧត្តម ឧកញ៉ា ក៏លើកឡើងថា៖ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ទាំងសាខា អនុសាខា ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ ដែលជួបទុក្ខលំបាកមិនថានៅក្នុងកាលៈទេសៈណានោះទេ។ ហើយកាកបាទក្រហមកម្ពុជា គឺជួយដល់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីនោះឡើយដូចពាក្យស្លោកថា(ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា)។

ឯកឧត្តម ឧកញ៉ា ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាជម្ងឺគ្រុនឈាម ដោយសារដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ដែលបង្ករអោយមានទឹកកក់ដែលជាជម្រោកមូស នឹងបង្ករនៅជម្ងឺផ្សេងៗទៀត។ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវសម្រាននៅក្នុងមុងជ្រលក់ថ្នាំជាប្រចាំ និងត្រូវទទូលទានស្អាត ផឹកទឹកដែលដាំពុះជាប្រចាំ។

ចំពោះសម្ភារៈផ្តល់ជូននោះរួមមាន៖
-រងគ្រោះធ្ងន់ធ្ងរ(ប្រភេទ ក)៖ អង្ករ ២៥គ.ក កន្ទេល១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុងនិងអាវ ២) និងថវិកាចំនួន ១០០,០០០រៀល។
-រងគ្រោះមធ្យម(ប្រភេទ ខ)៖អង្ករ ២៥គ.ក កន្ទេល១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុងនិងអាវ ២) និងថវិកាចំនួន ៥០,០០០រៀល៕