ភ្នំពេញ៖ ក្រោយមានរូបភាពនារីមានរបួនលើផ្ទៃមុខ និងមានឈាមហូរកក្លាក់ ដែលត្រូវប្តីវាយធ្វើបាប ហើយគ្មានលុយទៅមន្ទីរពេទ្យព្យាបាលរបួស  ត្រូវគេបង្ហោះផ្អើលពេញហ្វេសប៊ុក។  ពេលនេះកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវចាប់ខ្លួនបុរសដៃដល់បានហើយ នៅថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ   ប៉ុន្តែបុរសជាប្តីឆ្លើយថា ដើមហេតុមកពីប្រពន្ធក្បត់ចិត្តមានប្រុសសហាយ ថែមទាំងថតឱបគ្នាយ៉ាងស្អិតល្មួត ទើបរូបគេទប់ចិត្តមិនបាន។ 

បុរសដែលកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន រឿងប្រើកណ្តាប់ដៃវាយប្រពន្ធបែកមុខហូរឈាមកក្លាក់នេះ មានឈ្មោះហន សម្ផស្ស អាយុ២៤ឆ្នាំ មុខរបរតៃកុងរថយន្ត  ចំណែក ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះអាត លីណា អាយុ២៣ឆ្នាំ មុខរបរធ្វើការនៅហាងបារាំង។  អ្នកទាំងពីរមានកូនស្រីម្នាក់  អាយុជាង១ខួប និងស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។ 

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុក១ បានបង្ហោះរូបភាពនារីម្នាក់ដែលត្រូវប្តីវាយបណ្តាលឲ្យរបួសផ្ទៃមុខធ្ងន់ធ្ងរ  និងសរសេររៀបរាប់ថា« មានស្ត្រីម្នាក់ឈ្មោះ លី ណា ត្រូវបានប្តីវៃ និងយកកាំបិតមកឆូតមុខទៀត រស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេ ព្រោះប្តីប្រមូលយកលុយ និងទូរស័ព្ទអស់ហើយ ខ្ញុំជួយគាត់បានតែ៥០០០០រៀលប៉ុណ្ណោះ តែឥឡូវគាត់បានទៅមន្ទីរពេទ្យកាល់ម៉ែតហើយ ព្រោះនៅកាលម៉ែត្រមានពេទ្យក្រីក្រ សម្រាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យកេតុមាលា ជួយស៊ែផងទៅសង្ឃឹមថា គាត់មានអ្នកជួយ»។ 

 ក្រោយមក នារីរងគ្រោះបានចេញពីពេទ្យ រួចផ្តល់បទសម្ភាសដល់សារព័ត៌មានមួយចំនួន ដោយនាងបានចោទប្តីថា ប្រើហិង្សារលើខ្លួន នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចបន្ទប់ជួលបងស្រីរបស់នាង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចក៏ឃាត់ខ្លួនបុរសជាប្តីបាន នៅបន្ទប់ជួលរបស់ខ្លួន ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាំមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាបុរសជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនារីជាប្រពន្ធមែន តែរូបគេមិនបានមានបំណងប្រើហិង្សាទៅលើប្រពន្ធនោះទេ គឺមកពី ប្រពន្ធវាយរូបគេមុន ធ្វើឲ្យគេទ្រាំមិនបានក៏រុញប្រពន្ធ និងទាញសោដាក់ចំមុខប្រពន្ធ។  

បុរសជាប្តីបញ្ជាក់ថា  មូលហេតុដំបូង គឺមកពីប្រពន្ធបានចាកចេញពីបន្ទប់ជួល ទៅស្នាក់នៅជាមួយបងស្រី ។ មិនត្រឹមតែប៉ុណ្ណោះ  ប្រពន្ធបានក្បត់ចិត្តប្តីលួចទាក់ទងជាមួយប្រុសឈ្មោល  ហើយនាងថតរូបជាមួយសហាយស្មាន់យ៉ាងល្អូកល្អឺន តើឲ្យប្តីណាទ្រាំបាន ។ ចំណែករឿងដែលថា រូបគេជាប្តីចង់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ គឺប្រពន្ធនិយាយពន្លើសទាំងអស់ ហើយកន្លងមកដែលធ្លាប់មានរឿងនឹងគ្នា ក៏មិនមែនរូបគេជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមកលើរូបគេមុន ហើយថ្ងៃកើតហេតុចុងក្រោយនេះ គេគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿ មានម្តាយនិងប្អូនស្រីអាចធ្វើសាក្សីបាន ។ 

ទោះបីជាបុរសជាប្តីឆ្លើយដោះបន្ទុកយ៉ាងណា  ចំពោះករណីហិង្សានេះ សមត្ថកិច្ចមិនអាចដោះលែងជនដៃដល់រូបនេះ បានឡើយ ដោយបាននាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕