ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ បើកកាណូចទៅធ្វើសកម្មភាពគាស់ដំបូលផ្ទះបណ្តែតទឹករបស់គេមួយកន្លែង ចូលលួចយកគ្រឿងអលង្ការបានជាង១០តម្លឹង តែក្រោយពីរត់គេចខ្លួនបានត្រឹម២ម៉ោង ត្រូវជនរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថឆ្នុកទ្រូ ជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នាំមកចាត់ការតាមផ្លូវច្បាប់។
ករណីចោរគាស់ដំបូលផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះបណ្តែតទឹករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។


ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះចេង គឹមហ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ហុង សុខហៀង អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្សយ័ឈ្មោះ ច្រឹង យ៉ាំងហាវ ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិវៀតណាម រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។ សមត្ថកិច្ចបានដកហូត ចិញ្ចៀនប្លាទីនចំនួន៤៨វង់, កងដៃប្លាទីន ចំនួន២៣កង, ខ្សែដៃប្លាទីនប្រុស-ស្រី ចំនួន៧ខ្សែ , ខ្សែ.កប្លាទីនប្រុស-ស្រី ចំនួន២៩ខ្សែ សរុបទាំងអស់មានចំនួន១៥តម្លឹង ៣ជី ៤ហ៊ុន ។


ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ថ្ងៃទី០៩ ជនសង្ស័យបានបើកកាណូតមកធ្វើសកម្មភាពគាស់ដំបូលផ្ទះជនរងគ្រោះ ចូលលួចយកគ្រឿងអលង្ការ តែពេលនោះប្អូនស្រីរបស់ជនរងគ្រោះបានភ្ញាក់ដឹងខ្លួនស្គាល់មុខជនសង្ស័យ ក៏ស្រែកផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យភិតភ័យ បានហក់ចុះកាណូត រួចបើកចេញគេខ្លួនបាត់ ហើយជនរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំង កងរាជអាវុធហត្ថ B០៤ ប្រចាំការនៅឆ្នុកទ្រូ បានបើកធ្វើការស្រាវជ្រាវយ៉ាងក្តីគគុក រហូតដល់ម៉ោងប្រមាណជា៦ព្រឹកថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យបាននាំមកសាកសួរ និងដកហូតគ្រឿងអលង្ការរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានឆ្លើយសារភាថា ខ្លួនពិតជាបានលួចយកគ្រឿងអលង្ការចេញពីផ្ទះជនរងគ្រោះខាងលើប្រាកដមែន ។ ជនសង្សយ័ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត នាំមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕