ខេត្តព្រៃវែង៖ ដោយមើលឃើញថាជម្ងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងតែរីករាលដាលដែល សមត្ថកិច្ចជំនាញនៃច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេចខេត្តព្រៃវែងបានចុះល្បាតតាមព្រំដែន ក្បែរចំណុចច្រករបៀងទួលលោកយាយនៅខាងជើងប៉ុស្តិ៍យាមត្រួតពិនិត្យចំងាយប្រហែល៨០០ម៉ែត្រក៏ប្រទះឃើញម៉ូតូសណ្តោងរឺម៉កគ្មានស្លាកលេខ ដឹកជ្រូករសចំនួន១១ក្បាលដែលលួចនាំចូលពីវៀតណាមដែលគ្មានច្បាប់អនុញ្ញាត្តិ។ ការចុះបង្ក្រាបម៉ូតូរឺម៉កដឹក ជ្រូករស់នេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩នេះថាសត្វជ្រូករស់ចំនួន១១ក្បាលត្រូវបានសមត្ថកិច្ចគយនិងរដ្ឋាករច្រកអន្តរជាតិបន្ទាយចក្រីចុះល្បាតចាប់ឃាត់បានកាលពីយប់មិញហើយសត្វជ្រូកទាំងនោះ ដែលក្រុមឈ្មួញលួចនាំចូលតាមច្រករបៀងទួលលោកយាយដែលមានទំង្ងន់សរុប១១១៦គីឡូក្រាម មានម្ចាស់ឈ្មោះភួង ធី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក អ៊ុក សំណាង បានបន្តទៀតថាក្រោយពីឃាត់ សួរនាំ ម្ចាស់ជ្រូកបានឆ្លើយថាជ្រូករស់ទាំងនេះនាំចូលពីវៀតណាមយកទៅលក់នៅផ្សារទ្រាក្នុងឃុំអង្គរាជ ស្រុកព្រះស្តេច។ហើយក្រោយពីបានត្រួតពិនិត្យរួចឃើញថាជ្រូករស់នាំចូលខាងលើនេះ ពុំមានលិខិតអនញ្ញាតឲ្យនាំចូលទេ ដូច្នេះ ក៏បានសម្រេចធ្វើការឃាត់ទុកជាបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋាករបន្ទាយចក្រី តែដោយពុំមានឧបករណ៍ត្រួតពិនិត្យសុខភាពសត្វ ក្រុមមន្ត្រីត្រួតពិនិត្យរួម បានអញ្ជើញមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រៃវែង និងប្រគល់វត្ថុតាងល្មើសច្បាប់ដើម្បីត្រួតពិនិត្យសុខភាពបន្ត៕