អា​មេ​រិ​ក ​៖ សហរដ្ឋអាមេរិក បាន​សម្រេច​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ពីរ​ពាន់​លាន​ដុល្លារ ទាំង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ខ្លួន ​និង​ប្រទេស​ចិន​នៅ​មិន​ទាន់​ធូរស្រាល​ នៅឡើយ​នោះ​ ។

សព្វាវុធ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ទើបតែ​សម្រេច​នេះ រួម​មាន​ដូច​ជា រថក្រោះ M1A2T Abrams ចំនួន​១០៨​គ្រឿង និង​មី​ស៊ី​ល Stinger ដែល​អាច​លី​បាញ់​លើ​ស្មា​បាន​ចំនួន​២៥០​គ្រាប់​ជាដើម ដោយ​គិត​ជា​ទឹកប្រាក់​មាន​ទំហំ​ប្រហែល​២,២​ពាន់​លាន​ដុល្លារ​ ។

លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បាន​លើក​ឡើង​កាលពី​ខែមីនា​ ថា សព្វាវុធ​ដែល​លោកស្រី​ស្នើ​ទិញ​ពី​សហរដ្ឋអាមេរិក នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កងទ័ព​កោះ​តៃវ៉ាន់​ឲ្យ​កាន់​ខ្លាំង​ជាង​មុន និង​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​តែ​ម្តង​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ជាតិ​នៃ​មន្ទីរ​បញ្ជ​កោណ​បាន​លើក​ឡើង​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​រដ្ឋសភា​អំពី​ការ​សម្រេច​លក់​អាវុធ​នេះ​កាលពី​ម្សិលមិញ ហើយ​ថា​វា​ចាំបាច់​ដើម្បី​ជួយ​កោះ​តៃវ៉ាន់​នៅ​ក្នុង​ការ​ការពារ​ខ្លួន​។

ជា​ការ​ឆ្លើយ​តប ក្រសួងការពារជាតិ​ចិន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង “​ជំទាស់​ដាច់ខាត​ចំពោះ​ការ​លក់​សព្វាវុធ​នេះ ជា​ពិសេស​ទំនាក់ទំនង​រវាង​យោធា​អា​មេ​រិ​ក​ជាមួយ​កោះ​តៃវ៉ាន់​”​។

សូម​រំ​ឮ​កថា សហរដ្ឋអាមេរិក​ធ្លាប់​ប្រកាស​ថា ខ្លួន​បាន​លក់​អា​វុ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​គិត​ជា​ទឹកប្រាក់​រហូត​ជាង​១៥​ពាន់​លាន​ដុល្លារ​ឯណោះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក​៕