ភ្នំពេញ៖ បុរសមួយក្រុមជាមិត្តភក្តិនឹងគ្នាចូលផឹកស៊ីក្នុងហាងមួយ។ លុះពេលផឹកស្រវឹង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបុរសម្នាក់ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលអោយរងរបួសធ្ងន់ ជិតដាច់សរសៃដៃ ។


ហេតុការណ៍វាយតប់គ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ កើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ “ស្រីល័ក្ខ 5555” ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ កែងផ្លូវលេខ៥ ស្ថិតក្នុងក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។


មុនពេលកើតហេតុ បុរសជិត១០នាក់ជាមិត្តភក្តិនឹងគ្នា បានចូលផឹកស៊ីជាមួយគ្នា ក្នុងហាង“ស្រីល័ក្ខ 5555” ។ លុះពេលផឹកស្រវឹង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់កើតមានហិង្សាវាយតប់គ្នាទៅវិញទៅមក ធ្វើឲ្យបុរសម្នាក់ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលឲ្យរងរបួសរ រយះដៃស្ទើរតែ ដាច់សរសៃដៃហូរឈាមពេញតុ និងខូចខាតសម្ភារៈក្នុងហាងរាយប៉ាយពេញ ក្នុងហាង ផ្អើលភ្ញៀវរត់ អ្នកខ្លះទាំងមិនទាន់គិតលុយស្ទើរតែទាំងអស់។


ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល ខណៈដែលជនរងគ្រោះមិនបានដាក់ពាក្យប្ដឹងនោះទេ សុខចិត្តព្យាបាលរួច ក៏ត្រឡប់ទៅផ្ទះដោយខ្លួនវិញ ពីព្រោះនឹកឃើញថា ជាមិត្តភក្តិនឹងគ្នា រាប់អានគ្នាយូរមកហើយ។


ដោយឡែកម្ចាស់ហាងខាងលើ ដែលរងខូចខាតសម្ភារៈក្នុងហាង និងផ្អើលភ្ញៀវរត់ អ្នកខ្លះទាំងមិនទាន់គិតលុយស្ទើរតែទាំងអស់នោះ បានទាមទារសំណងចំនួន៥០០ដុល្លារ ពីជនបង្ក។ ប៉ុន្តែខាងជនបង្ក មានតែ១១០ដុល្លារតែប៉ុណ្ណោះ ហើយម្ចាស់ហាងក៍យល់ព្រមបញ្ចប់រឿងនៅកន្លែងកើតហេតុ តែម្ដង ៕