ខេត្តព្រះវិហារ ៖ ព្រះគ្រូចៅអធិការវត្ត១អង្គ ខំបួសរៀនធម៌អាថ៌អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែចុងក្រោយ ស្រាប់តែបាត់អស់ធម៌ខន្តី ដោយបានយកខ្សែភ្លើងវាយកូននេន២អង្គ បណ្តាលឲ្យរងរបួសស្នាមពេញខ្លួន ព្រោះតែខឹងនឹងនេនរងគ្រោះរត់ប្រឡែងគ្នាលើសាលាឆាន់ហាមមិនស្តាប់ ។ ករណីហិង្សានេះ បានកើតឡើង តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កាលពីវេលាម៉ោង៩ និង៣០នាទី នៅចំណុចបរិវេណវត្តឧត្តរគិរីទួលអណ្តែត ហៅវត្តថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែន។


នេនរងគ្រោះ មានព្រះនាម ភ័ណ ហេងឡុង ព្រះជន្ម១៣វស្សា គង់នៅវត្តថ្នល់បែក រងរបួសខ្នងនិងមុខ និង១អង្គទៀត មានព្រះនាមស៊ីម សាយ ព្រះជន្ម១៤វស្សា គង់នៅវត្តជាមួយគ្នា រងរបួសខ្នងនិងមុខ ។ ចំណែងសង្ឃដៃដល់ មានព្រះនាមសាយ នី ព្រះជន្ម៥៣វស្សា ជាចៅអធិការវត្ត ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ សង្ឃរងគ្រោះទាំង២អង្គ បានប្រឡែងគ្នានៅលើសាលាឆាន់។ ពេលនោះព្រះគ្រូចៅអធិការវត្ត(សង្ឃដៃដល់) ខឹងហាមមិនស្ដាប់ ក៏បាត់អស់ធម៌ខន្តី ដោយបានចាប់សង្ឃរងគ្រោះទាំង២អង្គ វាយនឹងខ្សែភ្លើង ទះនឹងដៃ ព្រមទាំងទាត់និងជើង បណ្ដាលឲ្យមានស្នាមរបួសពេញខ្លួន។


ក្រោយកើតហេតុ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែអាណាព្យាបាលរងគ្រោះ មិនបានប្ដឹងផ្ដល់ទេ ដោយគ្រាន់សំណូមពរឲ្យអាជ្ញាធរ និងមន្ត្រីការិយាល័យធម្មការស្រុក ធ្វើការអប់រំ ណែនាំព្រះគ្រូចៅអធិការ កុំឲ្យប្រព្រឹត្តសកម្មភាពបែបនេះតទៅទៀត។ ចំណែក សង្ឃរងគ្រោះ ត្រូវបានអាណាព្យាបាល សុំយកទៅព្យាបាលរបួសនៅផ្ទះមួយរយៈសិន ។


សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនឹងហិង្សានេះ កម្លាំងសមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់៕