ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ឈ្មោះ ថៃ ស្រី​នាង ក៏​ដូច​ជា​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន នៅ​លើ​បណ្តាញ​សង្គម ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សមត្ថកិច្ច បានអោយ​ដឹង​ថា ដោយសារ​តែ​ស្ត្រី​រង​គ្រោះ ថៃ ស្រី​នាង អស់កម្លាំង​ខ្លាំង មិន​អាច​ចេញពីផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​បាន ទើប​ស្ត្រី​រង​គ្រោះ​សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ពាក្យបណ្តឹង នៅ​ក្នុងផ្ទះ​របស់​គាត់ នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក តែ​ម្តង ។

សូម​ជម្រាប​ថា លោក ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ត្រូវ​បាន​រង​ចោទប្រកាន់​ថា​វាយ​ធ្វើបាប​ស្រី​កំណាន់​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​របួសធ្ងន់​។

ការ​ចោទប្រកាន់​លោក ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ក្រោយ​ពី​ការ​បង្ហោះ​សារ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​របស់​ឈ្មោះ​”​ថៃ ស្រី​នាង លក់​ផលិតផល​” កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩​។

ថៃ ស្រី​នាង លក់​ផលិតផល បាន​បង្ហោះ​សារ​ថា​”​លើក​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វ៉ៃ​ខ្ញុំ ស្អែក​ខ្ញុំ​និង​ឡាយ វី​ដេ​អូ សុំ​អោយ​សមត្ថកិច្ច ចាប់ខ្លួន​ម្នាក់​នេះ​ជា​បន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ សូម​មេត្តា​ជួយ​ខ្ញុំ​ផង​”​។

ថៃ ស្រី​នាង បាន​បញ្ជាក់​លោក ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​ដោយសារ​ប្រច័ណ្ឌ​និយាយ​ជា​រួម​លោក ទឹម សា​វុ​ធ ដូច​មនុស្ស​ស​សៃ​ប្រសាទ​អ​ញ្ចឹ​ង ឱ្យ​តែ​ទើស​សម្តី​បន្តិចបន្តួច ដឹង​តែ​វ៉ៃ ដឹង​តែ​បោកប្រាស់​សម្ភារៈ​ខ្ទិចខ្ទី​គ្មាន​សល់ ហើយ​លោក​ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​បាន​បោក​ក្បាល​នាង​ទៅ​ហ្នឹង​ជ្រុង​គ្រែ​បណ្តាល​ឱ្យ​របួសធ្ងន់​។

ពាក់ព័ន្ធ​ករណី​នេះ អ្នកសារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ ៕​