ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ និងដកហូតលុយជាង២លានដុល្លារ ពាក់ព័ន្ធនឹងបទល្មើសនាំប្រាក់ដុល្លារពីទីក្រុងហុងកុង ប្រទេសចិន ចូលមកទឹកកម្ពុជា ដោយខុសច្បាប់។


ជនបរទេសដែលនាំប្រាក់ដុល្លារចូលក្នុងទឹកដីកម្ពុជាខុសច្បាប់ ដែលសមត្ថកិច្ច ធ្វើការការចាប់ខ្លួន ទី១-ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ
និងទី២-ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ។ អ្នកទាំង២ ជាជនជាតិកូរ៉េខាងត្បូង ពួកគេបានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ក្រដាស់ប្រាក់ ១០០ដុល្លារ ចំនួន ២១,៩០០សន្លឹក និង ក្រដាស់ប្រាក់ ៥០ដុល្លារ ចំនួន២០០សន្លឹក សរុបទាំងអស់មានចំនួន ២ ២០០ ០០០ដុល្លារ។


សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាំទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់។ ចំណែក ប្រាក់ដុល្លារចំនួន ២ ២០០ ០០០ សមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការ ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕