ខេត្តព្រះវិហារ៖ រថយន្តសាំយ៉ុងប្រភេទដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្សក្មេងចាស់ចំនួនបីនាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៧និង៦៨ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ។
ជនរងគ្រោះបីនាក់នោះ ទី១ឈ្មោះ សោម ប៊ុន ភេទស្រី អាយុ១៥ឆ្នាំ របួសជើងធ្ងន់ធ្ងរ។

ទី២ឈ្មោះ យូ យ៉ុន ភេទស្រី អាយុ៤៨ឆ្នាំ របួសជើងធ្ងន់ធ្ងរ និងទី៣ឈ្មោះ សោម ស្រីនិច ភេទស្រី អាយុ៧ឆ្នាំ របួសជើង។ជនរងគ្រោះទាំងបី រស់នៅភូមិរំចេក ឃុំរមណី ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះវិហារ1C2942។


មុនពេលកើតហេតុ រថយន្តសាំយ៉ុងប្រភេទដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខកណ្តាល២A4409 បោះពួយយ៉ាងលឿន។ លុះមកដលកន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុកម៉ូតូជនរងគ្រោះទាំងបី បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់តែម្ដង។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តបង្កគ្រោះនិងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ៕