កំពង់ធំ ៖ កូនខ្មែរវ័យក្មេងចំនួន ៣រូប ដែលធ្លាប់ជាអតីតពលករបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងកាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះបានអភិវឌ្ឍខ្លួនក្លាយជាម្ចាស់បុរីលំនៅដ្ឋានបែបទំនើប ដែលជាជំនួញក្នុងវិស័យអចលនទ្រព្យកំពុងតែមានសក្ដានុពល និងមានប្រជាប្រិយភាពនៅក្នុងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។

សមាសភាពកូនខ្មែរ ដែលបានប្រែក្លាយជីវិតពីភាពជាពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េ រកចំណូលដោយការប្ដូរកម្លាំងកាយ មកជាម្ចាស់បុរីលំនៅដ្ឋានបែប ទំនើប សុកគា ស៊ីធី ទាំង៣នាក់ដូចបានលើកឡើងខាងលើនេះ រួមមាន ទី១- លោក ស៊ឺន សុកគា អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកក្រុមហ៊ុន , ទី២- លោក ចាន់ ឃីន អាយុ២៥ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ , ទី៣- លោក ផុន សាមាន អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ ដែលអ្នកទាំង៣បានសហការគ្នាចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយការបោះទុនវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន ក៏ដូចជាវិស័យដីធ្លីផងដែរ។

លោក សុឺន សុកគា ដែលជាស្ថាបនិក និងមានមុខតំណែងជានាយកគ្រប់គ្រងក្រុមហ៊ុនបុរី សុកគា ស៊ីធី បានប្រាប់ឱ្យដឹងថា លោកធ្លាប់ធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល២ឆ្នាំ៨ខែ ។ លោកបានបញ្ជាក់ថា “ការដែលផ្តាច់ខ្លួនពីការធ្វើបានប្រាក់ខែរាប់ពាន់ដុល្លារ មកចាប់ផ្តើមអាជីវកម្មផ្ទាល់វាមិនមែនជាការងាយទេ”។ លោកបន្តទៀតថា “យើងត្រូវប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែយើងត្រូវតែជំនះឱ្យបាន ដូចជា កត្តាគ្រួសារ កត្តាសង្គម ភាពប្រឈមជាមួយមនុស្ស និងអ្នកធ្វើជំនួញក្នុងវិស័យតែមួយដែលកំពុងស្ថិតនៅជុំវិញខ្លួនយើង ហើយជាពិសេសនោះគឺខ្លួនឯងផ្ទាល់តែម្តង”។

ស្រដៀងគ្នានេះ លោក ចាន់ ឃីន ដែលជាស្ថាបនិក និងមានមុខតំណែងជានាយកផ្នែកទីផ្សារ បានប្រាប់ឱ្យដឹងផងដែរថា លោកធ្លាប់បម្រើការងារជាពលករនៅក្នុងប្រទេសកូរ៉េអស់រយៈពេល ៣ឆ្នាំ៦ខែ ។ លោកបានបន្តឱ្យដឹងទៀតថា “គ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់យើង បើមើលឃើញថាមានឱកាសដែលល្អហើយ មិនគួរណាយើងបោះបង់នោះទេ ប៉ុន្តែយើងត្រូវតែសិក្សាឱ្យបានលម្អិត និងច្បាស់លាស់ដើម្បីអាចទាញយកផលចំណេញពីវាឱ្យបាន”។ លោកបានបន្តទៀតថា “និយាយឱ្យចំទៅ ដូចជាខ្ញុំផ្ទាល់ ដែលខ្ញុំតែងតែសម្លឹងមើលពីឱកាសនៅជុំវិញខ្លួនខ្ញុំ បើឃើញថាល្អហើយ មានសុវត្ថិភាពថែមទៀតនោះ ខ្ញុំនឹងចាប់យកឱកាសនោះមកកាន់ក្នុងដៃតែម្ដង”។

ដោយឡែក លោក ផុន សាមាន ដែលជាស្ថាបនិក និងជានាយកផ្នែកទីផ្សារនៃបុរី សុកគា ស៊ីធី មួយរូបដែរនោះ បានប្រាប់ឱ្យដឹងថា លោកក៏ជាអតីតពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េ រយៈពេល ២ឆ្នាំ១០ខែ ប៉ុន្តែពេលនេះ ខ្ញុំបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពីភាពជាពលករ មកជាអ្នកជំនួញ។ លោកបានបញ្ជាក់ថា “យើងគួរតែចេះផ្តល់តម្លៃនៃពេលវេលាផ្ទាល់ខ្លួន និងការចាត់ចែងចំណូលចំណាយឱ្យបានល្អ បើមិនដូច្នេះទេ រយៈពេលដែលយើងរស់នៅប្រទេសកូរ៉េអាចនឹងមិនរីកចំរើន ឬក៏ត្រលប់មកស្រុកខ្មែរវិញដោយមិនសល់អ្វីទាល់តែសោះ”។ លោកបានបញ្ជាក់ថា “ហេតុនេះយើងគួរតែចាប់ផ្តើមក្នុងការកំណត់គោលដៅ និងពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីអាចបង្កើនលទ្ធភាពផ្ទាល់ខ្លួន រួមជាមួយសមិទ្ធផលនានានៅពេលយើងត្រលប់មកប្រទេសវិញ”។

នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការជ្រៀតខ្លួនចូលមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ អតីតពលករទាំង៣រូប បានសម្រេចនូវសមិទ្ធផលរបស់ខ្លួនគួរឱ្យជាទីមោទនៈ។ ជាក់ស្ដែង ក្រៅពីការវិនិយោគទៅលើគម្រោងអភវឌ្ឍបុរីលំនៅដ្ឋានបែបទំនើប សុកគា ស៊ីធី ដែលមានទីតាំងស្ថិតនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នាពេលនេះ ពួកគេក៏ទទួលបានភាពជោគជ័យរួចជាស្រេចទៅលើគម្រោងដីឡូតិ៍ចំនួន៤ ហើយក៏កំពុងបន្តបង្កើតគម្រោងថ្មីៗមួយចំនួនទៀតផងដែរ៕