ខេត្តស្វាយរៀង ៖ បុរស​ម្នាក់ គ្រាន់តែ​កម្លាំង​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ដោយ​ប្រាប់​ថា កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ពេក​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់ ស្រាប់តែ​ក្ដៅចិត្ត​ខឹង​ឆេវ យក​ដែកកេះ​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ឆេះ​ខ្ទេច​សល់​តែ​ឆ្អឹង​ដែក ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ខាងក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​) ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​បាន​គេ​ឃើញ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ដេញ​ពីក្រោយ ហើយ​ឃាត់​អោយ​ឈប់ ដោយ​បាន​ប្រាប់​បុរស​ខាងលើ​ថា ឲ្យ​ឈប់​និង​កុំ​បើកបរ​លឿន​ពេក ព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល​ផង ខ្លាច​មាន​គ្រោះថ្នាក់ ស្រាប់តែ​បុរស​ជិះ​ម៉ូតូ​ទំនងជា​ស្រវឹង​ផង និយាយ​ទាំង​ខឹង​ថា «​គេ​បើក​តែ​គេ បើ​គ្រោះថ្នាក់ ក៏​គ្រោះថ្នាក់​តែ​គេ​ដែរ គ្មាន​អី​ពាក់ព័ន្ធ​ទេ​» និយាយ​រួច​ក៏​ផ្តួល​ម៉ូតូ ទាញ​យក​ដែកកេះ មក​ដុត​ឆេះ​ខ្ទេច ហើយ​ដើរ​ចេញ​ទៅ​ធ្វើ​មិនដឹង ។

បន្ទាប់​ពី​ដុត​ម៉ូតូ​រួច សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជន​នោះ យក​ទៅ​ស្នងការដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​សួរនាំ និង​ធ្វើតេស្ត​ទឹកនោម ក្រែង​មាន​សា​ធាតុ​ញៀន ៕